ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី០៤ ខែមិថុនា បានប្រកាសអោយដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត រកឃើញមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទវីរុសបម្លែងថ្មី B.1.617 ដែលចាត់ទុកជាប្រភេទវីរុសគួរឱ្យព្រួយបារម្ភ លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់។ អ្នកជំងឺចំនួន៣រូប នោះ ទី១ជាស្រ្តីអាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ទី២ បុរសអាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ និងទី៣ ស្រ្តីអាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឬស្សី ខេត្តបាត់ដំបង។
ជាមួយនឹងការរកឃើញវីរុសបម្លែងថ្មីនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់ មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់ លើករណីដែលសង្ស័យ ឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំង ដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ។
ដោយឡែក ក្រសួងសុខាភិបាល ក៏អំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍។
តាមការកត់សម្គាល់របស់ ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ វីរុសបម្លែងថ្មី ប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោក ក្នុងនោះនៅក្នុងតំបន់អាស៊ាន មានប្រទេសចំនួន ៧ហើយដែលបានរកឃើញ ។ប្រទេសចំនួន ៧នោះរួមមាន ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។