កំពង់ឆ្នាំង៖ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជេីញប្រគល់ផ្ទះទេវតាចំនួន០៣ខ្នងជាបន្តទៀតជូនដល់ទុរគតជនចាស់ជរាគ្មានទីពឹងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ ពិធីប្រគល់ផ្ទះទេវតានេះ លោកជំទាវ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកជំទាវ បានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេសអនុវត្តការលាងដៃជាប់ជា ប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។
១-ផ្ទះលេខ ២៨៨ លោកយាយ ឌី នឿន មានអាយុ៧៨ ឆ្នាំរស់នៅភូមិត្រពាំងអញ្ជាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ។
២-ផ្ទះលេខ ២៨៩ ប្រគល់ជូនអ៊ុំប្រុស ឌឿក ប៉ូញ មានអាយុ ៦៧ ឆ្នាំ រស់នៅភូមិ អូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ។
៣-ផ្ទះលេខ ២៩០ ប្រគលជូន លោកយាយ ជួប ងុំ មានអាយុ៦៨ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអំណោយរបស់លោក ឧកញ៉ា ជៀម ផែន និងលោកជំទាវ ព្រមទាំងបុត្រ។
លោកយាយ លោកតា ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយផ្តល់ជូនរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន៕