ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​បង្កោង​ ខេត្ត​សៀមរាប​ គ្រោង​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​គ្នា​ ក្នុង​បឹង​អភិរក្ស​មួយ​ នៅ​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​

  • លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមក្នុងត្រពាំងមួយកន្លែងដែលពួកគាត់អភិរក្ស ដែលពិធីនេះគ្រោងធ្វើឡើង ចាប់ពីម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ លោកបន្តថាពិធីចាប់ត្រីនេះ ត្រូវបានធ្វើឡើងរាល់ឆ្នាំទៅតាមទម្លាប់ នៅក្នុងត្រពាំងបឹងមួយ ដែលអ្នកភូមិបានអភិរក្សត្រីរួមគ្នាទុកមិនឱ្យ មានការនេសាទផ្តេសផ្តាស់កន្លងមក ដោយទុកសម្រាប់ធ្វើពិធីចាប់ត្រីរួមគ្នាក្នុងឱកាសធ្វើពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា តែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង ធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងមានសិទ្ធិមករកត្រី នៅក្នុងត្រពាំងបឹងនេះ នៅថ្ងៃបន្ទាប់ទៀតបាន។

    ពិធីចាប់ត្រីរួមគ្នានេះ ត្រូវបានអ្នកភូមិធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីបញ្ចប់ការងារច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ ការចាប់ត្រីនេះ គណៈ​កម្មការ​នឹងកំណត់ជាពីរផ្នែក ដោយមួយផ្នែក ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិបង្កោងអាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ និងមួយផ្នែកទៀតនៃ បឹង ដែលមានដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវទុកចាប់រួមសម្រាប់ធ្វើជាម្ហូបក្នុងពិធីបុណ្យរួម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង