សម្តេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញតេឡេក្រាមផ្លូវការ បានអំពាវនាវដល់យុវជន និងកុមារ សូមបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវ។
សម្តេចធិបតី បានអំពាវនាវដូច្នេះ បន្ទាប់ពីរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន និងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង។
បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានណែនាំកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន បានចាត់វិធានការ ដោយបានធ្វើការណែនាំឱ្យអ្នកបើកបររថយន្តធំដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេស ត្រូវដោះចេញ និងធ្វើការផ្លាស់ប្តូរស៊ីផ្លេវិញ ព្រមទាំងណែនាំដល់ក្មួយៗឱ្យបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែវិធានការនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ដើម្បីឱ្យការអនុវត្តវិធានការនេះកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ សម្តេចក៏បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធររាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ធ្វើការសហការគ្នា ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។
ជាមួយគ្នានោះ សម្តេចបានប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការណែនាំ និងចាត់វិធានការឱ្យបានតឹងរ៉ឹង ដើម្បីទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ៕










