កម្ពុជា​ចាប់​ផ្តើម​យុទ្ធនា​ការ​អន្ទាក់​សូន្យ​ក្នុងតំបន់​ការពារ​ធម្មជាតិ​នៅខេត្ត​ចំនួន៦ ​ខាង​កើត​​ទន្លេ​មេគង្គ

  • «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ផ្តួចផ្តើមនិងដឹកនាំរៀបចំដោយក្រសួងបរិស្ថានដោយមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្រាប់រយៈពេល ៦ខែនៅ​ក្នុងបណ្តា​ខេត្ត​ខាងកើត​ទន្លេមេគង្គរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្ត​កំពង់ធំ។ នេះបើតាមការអោយដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះនៅទីស្តីការ​ក្រសួងបរិស្ថាន ។ឯកឧត្តម បានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនា ​ស្របពេលដែល​ពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោល​បំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹង​ការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយា បថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់​សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុប​បំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។

    ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្តថា ស្ថានភាពនៃ ការការពារនិងអភិរក្សធនធានធម្មជាតិ​ដែលជាទីជម្រករបស់សត្វព្រៃនៅកម្ពុជាមានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់​សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀតគឺធ្វើឱ្យ​តំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃនិងជីវៈចម្រុះផ្សេង ទៀត។​យុទ្ធនា​ការ​អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការ​យល់ដឹងរបស់​ប្រជាពលរដ្ឋ និងចូល​រួមកាត់​បន្ថយ​ចំនួនអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។ជាមួយគ្នានេះលោក សេង ទៀក ប្រធានអង្គការ WWF បានឱ្យដឹងថា បច្ចុប្បន្ន​អន្ទាក់ដែល​ត្រូវបានគេដោះនៅតាមតំបន់ការពារធម្មជាតិបានត្រឹមតែ២០ភាគរយប៉ុណ្ណោះហើយចំនួន​៨០ភាគរយទៀតមិនទាន់បានដោះដែលជនល្មើសបានដាក់នៅ​តាមតំបន់ធនធានធម្មជាតិ​នានានៅប្រទេសកម្ពុជា។

    ប្រធានអង្គការ WWFរូបនេះ បានលើកឡើងដោយបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ឆ្នាំ ២០២០នៅតាបន់អាស៊ីអាគ្នេយ៍មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាមឡាវ ថៃនិងកម្ពុជាដែលកំពុងគំរាមកំហែង​សត្វព្រៃ។​ដោយអន្ទាក់ទាំ​ងនេះគឺជាដមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។

    គួរបញ្ជាក់ថា អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។ បរិមាណអន្ទាក់​ដែលបាន​ដោះនៅឆ្នាំ២០២១ មានចំនួន ៦១៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០ភាគរយ បើប្រៀប​ធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ អន្ទាក់ជាឃាតកលាក់មុខដែលបន្តសម្លាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ព្រោះ​មានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទគ្រោះ​ថ្នាក់ផ្សេងៗទៀត។

    បើតាមមន្ត្រីជំនាញ ថា​កម្ពុជាមានច្បាប់សម្រាប់ដាក់ទោសវិន័យ​ហើយនិងសម្រាប់បទល្មើសដា​ក់អន្ទាក់គឺជាច្បាប់ល្មើស​ធនធានធម្មជាតិថ្នាក់លេខ៣ដែលក្នុងនេះមានទាំងការផាកពិន័យនិង​ទោសទណ្ឌ ដោយក្នុ​ងនេះអាចប្រឈមនឹងជាប់ពន្ធនាគារពី១-៥ឆ្នាំ និងពិន័យជាប្រាក់ពី​១៥លាន​ដល់១៥០លានរៀល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង