​អភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​នាំ​យក​ថ​វិ​កា​ ចំ​នួន​៤០​លាន​រៀល​ របស់​រាជ​រដ្ឋា​ភិ​បាល​ផ្តល់​ជូន​គ្រួ​សារ​សព​ស្លាប់​ដោយ​​សារ​ជំ​ងឺ​កូ​វីដ​១៩​​​

  • កំពង់ឆ្នាំង ៖ គ្រួសារសពដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៨នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាថវិកា របស់រាជរដ្ឋាភិបាល ផ្តល់ជូន តាមរយ:មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ។

    អំណោយជាថវិការបស់រាជរដ្ឋាភិបាលនេះត្រូវបានឯកឧត្តម ស៊ុន សុណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រួមនឹងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត នាំយកមកប្រគល់ជូនដោយផ្ទាល់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ។

    នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយបានសំដែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាពន់ពេកជាមួយនិងគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារតែជំងឺដ៏កាចសាហាវនេះ ។

    ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសក្នុងស្ថានភាពដ៏លំបាកនេះ សម្តេចប្រមុខរាជរដ្ឋភិបាល បានស្វះស្វែង រកគ្រប់វិធីសាស្រ្ត ដើម្បីសង្រ្គោះជីវីតប្រជាពលរដ្ឋ ឱ្យរួចផុតពីជំងឺដ៍កាចសាហាវនេះ និង បានស្វះស្វែងរកទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុតនិងបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលមកសម្រាកព្យាបាល និង ធ្វើចត្តាឡីស័កផងដែរ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថា នៅខេត្តកំពង់ឆ្នាំង ក៏មានការកើនឡើងផងដែរនូវជំងឺកូវីដ១៩នេះ ហើយអាជ្ញាធរខេត្ត ស្រុក និង ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការជួយប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នេះមិនឱ្យឆ្លងរាលដាលទៅក្នុងសហគមន៍របស់ខ្លួនបន្តទៀត ។

    ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយអនុវត្ត បានត្រឹមត្រូវតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ។

    ចំពោះថវិកា ចំនួន៤០លានរៀល របស់រាជរដ្ឋាភិបាលដែលផ្តល់ជូន ដល់គ្រួសារសពនាពេលនេះ មានចំនួន៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៥លានរៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង