ពុទ្ធរូបព្រះអង្គធំ និងសមិទ្ធិផលនានា ក្នុងវត្តនិគ្រោធារាម នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានដាក់សម្ពោធនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ថ្លែងក្នុងពិធីសម្ពោធនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្ពោធសមិទ្ធិផលពុទ្ធរូបព្រះអង្គធំនៅក្នុងវត្តនិគ្រោធារាមនាពេលនេះ គឺដើម្បីចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយលោកតា ក្នុងឃុំពាមជីកង ស្រុកកងមាស ដែលទទួលបានសមិទ្ធិផលជាបន្តបន្ទាប់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយសមិទ្ធផលទាំងនេះ មិនត្រឹមតែបម្រើឱ្យសេចក្តីត្រូវការនៅពេលនេះទេប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កូនចៅនៅថ្ងៃក្រោយផងដែរ។ ម្យ៉ាងទៀតក៏ជាឱកាសដ៏រីករាយដើម្បីផ្តល់តម្លៃ, ផ្តល់កិត្តិយស និងផ្តល់ការលើកទឹកចិត្តដល់អ្នកចូលរួមកសាង ទាំងព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនជិតឆ្ងាយ ដែលបានខិតខំរួបរួមកសាងសមិទ្ធផលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា បញ្ហាប្រឈម និងការខ្វះខាតក៏នឹងបន្តកើតមានជាដរាប ប៉ុន្តែអ្វីដែលសំខាន់ គឺការមានទឹកចិត្ត និងការយកចិត្តទុកដាក់ចូលរួមជួយចែករំលែក និងដោះស្រាយបញ្ហាទាំងអស់គ្នា ដើម្បីបង្កលក្ខណៈឱ្យយើងមានឱកាស និងលទ្ធភាពបន្តកសាង និងអភិវឌ្ឍទៅមុខទៀត ដោយអ្វីៗគ្រប់យ៉ាង គឺធ្វើដើម្បីប្រជាពលរដ្ឋ។ នេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចង់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសុភមង្គលសប្បាយរីករាយ និងទទួលបានការបម្រើសេវាសាធារណៈល្អប្រសើរលើគ្រប់វិស័យ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកតែងបានគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ និងរបស់រាជរដ្ឋាភិបាល៕