បុណ្យទន្លេនៅខេត្តកំពង់ធំ ផ្ដោតសំខាន់លើការអប់រំពីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន កីឡា 

ពិធីបុណ្យទន្លេលើកទី៧ដែលគ្រោងធ្វើឡើងនៅខេត្តកំពង់ធំនោះ គឺផ្តោតសំខាន់លើការអប់រំ ផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និងការរស់នៅរបស់ ប្រជាជននៅតាមដងទន្លេ ស្ទឹងក្នុងតំបន់ ព្រមទាំងផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៉ីហ្គេម។

 

ពីធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ក្រោមកិច្ចសហការរៀប ចំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ។ 

ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាពិធីបុណ្យទន្លេលើកទី៧នេះ គឺមាន គោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ ការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ 

ឯកឧត្តម បានរំលឹកថា នៅកម្ពុជាមានខេត្តជាច្រើនដែលមានទីក្រុងជាប់ដងទន្លេ និងសម្បូរដោយសក្តានុពលទេសចរណ៍វប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ដែលគ្រប់គ្រងដោយប្រជាសហគមន៍។ 

ឯកឧត្តមថ្លែងថា «យើងចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ ប្រជាជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យ យល់ដឹងពីចំណុចទាំងអស់នេះ»។ 

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ព្រមជាមួយនឹងរបាយការណ៍ត្រៀមរៀបចំហេដ្ឋារចនា សម្ព័ន្ធនានាក្នុងក្រុង និងតាមដងស្ទឹង ក៏បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងការសម្អាត អនាម័យ បរិស្ថានតាមផ្ទះសម្បែង ភូមិដ្ឋាននានា ការតុបតែងលម្អតាមគ្រប់គ្រឹះស្ថាន ស្ថានសាធារណៈ និងឯកជន សកម្មភាពកីឡាឱ្យបានច្រើន និងបានចាត់ឱ្យមន្ទីរអប់រំខេត្តសហការរៀបចំក្រុមប្រកួតកីឡា ដើម្បីជំរុញសកម្មភាពឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលខាងមុខនោះ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖ ១. សម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ ២. មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ ៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិនិងអន្តរជាតិ។ល។

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង