ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ជំងឺកូរ៉ូណា( COVID -19) បានធ្វើឱ្យ ប្រទេស មួយចំនួន ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ។ សម្តេចតេជោបានបន្តថា នៅពេលថ្មីៗកន្លងមកនេះ ជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូរ៉ូណា (COVID -19) បានធ្វើឱ្យមានការប្រឈមដ៏ធំមួយទៀតក្នុងចំណោមបញ្ហាប្រឈមមានសម្រាប់ប្រទេសក្នុងសកលលោកពិសេសសង្គ្រាមពាណិជ្ជកម្មនៃការអន់ថយនៃកំណើនសេដ្ឋកិច្ច។
សម្តេចតេជោ បន្តទៀតថា ផលប៉ះពាល់ជំងឺកូវីដ១៩បានមកដល់មិនអាចព្យាករណ៍ទុកមុនបានអំពីទំហំរបស់វាហើយកំពុងបង្ក ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសនានានៅក្នុងតំបន់អាស៊ីនិងអាចរុញច្រានឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងវិបត្តិ ។ ប្រការនេះបានបង្កើតឱ្យមានការព្រួយបារម្ភចំពោះនិយោគជកផងដែរ។
សម្តេចតេជោ បានបន្ថែមថា រដ្ឋាភិបាលនៃប្រទេសជាច្រើនបានដាក់ចេញនូវវិធានការជាច្រើនដើម្បីធ្វើការ ស្រោចស្រង់ក្នុង គោលបំណងកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយកំណើតសេដ្ឋកិច្ច ក្នុងតំបន់។ ទន្ទឹមនេះ ជំងឺកូវីដនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា «វិស័យពីររបស់កម្ពុជាដែលរងប៉ះពាល់ធ្ងន់ជាងគេគឺ១.វិស័យទេសចរណ៍ ដោយសារអ្នកទេសចរណ៍ភ័យលែងហានធ្វើដំណើរកម្សាន្ត និងទី២ វិស័យកាត់ដេរ ដោយសាខ្វះវត្ថុធាតុដើម បិទរោងចក្រមួយចំនួននៅប្រទេសចិនមិនទាន់ដំណើរការឡើងវិញ ជាប្រក្រតី»៕
ប្រភព៖ AKP