បិទ​ផ្សារ​ពង្រ​ជា​​បណ្តោះ​អា​សន្ន​ ស្រប​ពេល​ដែល​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ អំពាវ​នាវ​ឲ្យអ្នក​ពាក់​ព័ន្ធ​នឹង​បុគ្គល​វិជ្ជ​មាន​កូវី​ដ​១​៩មក​ពី​ភ្នំពេញ ​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់​

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារពង្រ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់ពីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តទៅរហូតដល់មានសេចក្តីសម្រេចជាថ្មី។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារពង្រ ធ្វើឡើងដើម្បីទប់ស្កាត់ការ​រាល​ដាលជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលចំពោះអ្នកលក់ដូរក្នុងផ្សារពង្រ។
    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ សូមភ្ញាក់រលឹកអញ្ជើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមណ្ឌលសុខភាពឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីពីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តទៅរៀលរាល់ម៉ោងធ្វើការ។
    គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃ២១ខែមីនា មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានយកសំណាកបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ ដែលមកពីទីក្រុងភ្នំពេញ បានធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលបានបង្ហាញនៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១នេះថា បុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ គឺមានវិជ្ជមានកូវីដ១៩។
    ២នាក់ប្ដីប្រពន្ធដែលមានវិជ្ជមានមេរោគកូវីដ១៩ខាងលើនេះ មានទីលំនៅផ្ទះលេខ ៩១ F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់ទាំង២នាក់ បានមកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីទទួលបានព័ត៌មានថា ប្អូនគាត់ជាអ្នកបើកបររថយន្តរបស់គាត់មានវិជ្ជមានកូវីដ១៩ គាត់និងប្រពន្ធក៏សម្រេចចិត្តយកសំណាកមកពិនិត្យនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ គឺបន្ទាប់ពីយកសំណាកហើយគាត់បានត្រឡប់ទៅភ្នំពេញវិញ ដោយមិនមានចុះពីរថយន្តនៅតាមផ្លូវនោះឡើយ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង