កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ក្រុមហ៊ុន និង អាជីករកុំឲ្យមានការតម្លើងតម្លៃទំនិញដែលបង្ករការលំបាកដល់ជីវភាពប្រជាពលរដ្ឋ ។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានតម្លៃទំនិញគ្រប់ប្រភេទនៅតាមទីផ្សារ ។ ក្នុងករណីមានទំនិញឡើងថ្លៃត្រូវចាត់ចែងដោះស្រាយឲ្យបានទាន់ពេល ស្របតាមនិតិវិធី ។

នេះបើយោងតាមសេចក្តីណែនាំស្តីពីវិធានការសំខាន់ៗមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ។

ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា នៅតាមរមណីយដ្ឋាន សួនច្បារ និង កន្លែងកំសាន្តនានា បងប្អូនអាចដើរកំសាន្ត ដោយមធ្យោបាយរថយន្ត ម៉ូតូ ឬថ្មើរជើង ត្រូវគោរពតាមវិធានការសុខាភិបាល យ៉ាងម៉ឺងម៉ាត់ ។
ដោយឡែក សកម្មភាពក្រាលកន្ទេល អង្គុយហូបអាហារ ផឹកស៊ី ចាក់ធុងបាស់ រាំកំសាន្ត ដូចធ្លាប់មានកន្លងមក ត្រូវហាមឃាត់ជាបណ្តោះអាសន្ន ៕










