បន្ទាប់ពីការអនុវត្តនូវគម្រោង ដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ របស់អង្គការ WCS ស្ថិតនៅ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារបច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ ទាំងការផលិតទិន្នផលស្រូវ ក៏ដូចជាការលក់លើទីផ្សារ។
ការបង្ហាញឱ្យដឹងពីលទ្ធផលជាវិជ្ជមាន កាន់តែប្រសើរឡើងរបស់ប្រជាកសិករកំពុងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ ធ្វើឡើងក្នុងទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មាន នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអោយដឹងថា លើកឡើងផងថា គម្រោដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះក៏បានចូលរួមអភិរក្សពពួកសត្វត្រយ៉ងយក្សដែលកំពុងជិតផុតពូជនឹងកំពុងទទួលរងការគំរាមកំហែង ។ ក្រៅពីនេះវាក៏ ជាគំរូមួយរួមចំណែកជាមួយក្រសួងបរិស្ថានក្នុងការការពារ ធនធានធម្មជាតិនឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកថា ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ក្រៅពីនេះ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ងដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រ ការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។
ឯកឧត្តម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមានកំណើនឡើងគួរ ឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេសទីភ្នាក់ងារ USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។
លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បានអោយដឹងថា គម្រោងកម្មវិធីស្រូវត្រយ៉ងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សដោយបានចាប់ផ្តើមពី២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុងភូមិ ១១ នៅក្នុងតំបន់ការពារទេសភាពខាងជើងប្រទេសកម្ពុជា(ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ឆែប និងព្រៃព្រះកោរ)ដោយក្នុងនេះ៥ភូមិជាប់ជាមួយព្រំប្រទល់តំបន់ការពារសៀមប៉ាងភាគខាងលិច ៣ភូមិនៅក្នុងតំបន់ការពារ កែវសីម និង៣ភូមិនៅក្នុងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុងភូមិនសាស្រ្តខេត្តស្ទឹងត្រែង។ដោយឡែកនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារចំនួនកសិករដែលបានចូលរួមជាមួយគម្រោងមានការកើនឡើងពី៣៥គ្រួសារ រហូតដល់ ៧៥០គ្រួសារ ហើយបើតាមការរំពឺងទុកនៅក្នុងឆ្នាំ ២០២០។
គួរបញ្ជាក់ថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ នឹងទប់ស្កាត់ការ ទន្ទ្រានដីព្រៃមិនឲ្យប្រជាសហគមន៍រុករានចូលក្នុងដែនជម្រកសត្វព្រៃ ៕
ប្រភព៖ ក្រសួងបរិស្ថាន










