កម្ពុជា​បញ្ជូន​កង​ទ័ព​​មួក​​ខៀវ​​ជាង​២០០នាក់​ ទៅបំពេញ​បេសក​កម្មរក្សា​សន្តិភាព​ នៅ​សាធា​រ​ណរដ្ឋ​អាហ្វ្រិក​កណ្តាល​

  • កងកម្លាំងវិស្វកម្មសំណង់​​លេខ៥៧៦ ចំនួន២០៤នាក់ ក្នុងនោះ​មានស្ត្រី១៥នាក់ ដែលជាក​ងកម្លាំងមួកខៀវ​ប្តូរវេន នារាត្រីថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១​នេះ បានធ្វើដំណើរ​ចេញទៅបំពេញ​បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងបុព្វហេតុសន្តិភាព កិច្ចការ​មនុស្ស​ធម៌​នៅលើពិភពលោក នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។

    ក្នុងឳកាសជួប​សំណេះសំណាលជាមួយកងកម្លាំងមួកខៀវ​មុន​ចេញ​ដំណើរ​ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម នាយ​ឧត្តម​សេ​នីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សា សន្តិភាព បោសសម្អាត មីន និង​កាក​សំណល់​សង្គ្រាម​ បានបញ្ជាក់ថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់​ស្កាត់​ចំពោះ​ការឆ្លង​រីករាល​ដាល​មេរោគ​កូវិដ១៩ នៅ​ពេល​ផ្លាស់​ប្តូរកង​កម្លាំង​ម្តងៗ ​។ ​ក្នុងនោះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព ក៏បានបន្ត​ក្រើ​ន​រំលឹក​ដល់កម្លាំង​មួកខៀវ​កម្ពុ​ជា​​​​ទាំង​អស់​​ដែល​​កំពុងបំពេញ​បេសកកម្មនៅ​ក្រៅប្រទេស​អោយមាន​ការប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ ជំងឺ​កូវីដ១៩នេះផងដែរ។

    ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈម​ជាមួយ​កូវីដ​១៩​​បន្ថែម​ដោយ​ប្រទេសដែលកងទ័ពមួក ខៀវកម្ពុជាត្រូវទៅបំពេញបេសកកម្មក៏កំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយ ក៏រាជ​​រដ្ឋាភិបាល​កម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅ​តាមប្រទេសនានា​ក្រោម​ឆត្រ​​របស់​​អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុង ឋាន:ជាសមាជិក​អង្គ​ការ​​សហ​ប្រជាជាតិ។

    គួរបញ្ជាក់ថា ការប្តូរវេនកងកម្លាំងនេះ គឺធ្វើឡើងដោយតម្រូវអោយមានលិខិតបញ្ជាក់ថា បុគ្គលនីមួយៗ​មិនមាន​ផ្ទុក​មេរោគ​កូវីដ១៩ និងតម្រូវអោយធ្វើចត្តាឡីស័កមុនចេញដំណើររយៈពេល១៤ថ្ងៃ ហើយត្រូវធ្វើចត្តាឡីស័ករ​យៈពេល១៤​ថ្ងៃ​ទៀត​ពេលទៅដល់តំបន់ បេសកកម្ម ទើបអនុញ្ញាតអោយធ្វើការចល័ត​ទៅកាន់​ទីតាំងឈរ​ជើង។

     

    បច្ចុប្បន្ន កម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញ​បេសក​កម្ម​រក្សា​​សន្តិ​ភាព​​ក្រោម​ឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារ​ណរដ្ឋអាហ្វ្រិក​​កណ្តា​ល​​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង