ស្ថានភាពអ្នកជំងឺផ្ទុកវីរុសកូរ៉ូណាដែលបាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅពេទ្យបង្អែកខេត្តព្រះសីហនុមានសុខភាពជាធម្មតាមិនមានការវិវត្តន៍ធ្ងន់ធ្ងរទេខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ថែទាំយ៉ាងខ្ពស់បំផុត។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២០ថា«ស្ថានភាពអ្នកជំងឺជនជាតិចិនឈ្មោះចាជិនហួរ(JiaJianhua)ភេទប្រុសអាយុ៦០ឆ្នាំសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានផ្ទុកវីរុសណូវែលកូរូណាមានសុខភាពជាធម្មតា។មិនមានការវិវត្តន៍ធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានយកចិត្តទុកដាក់ថែរទាំខ្ពស់បំផុត»។
សូមជម្រាបថា៖រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០នេះបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់និងតាមដានមើលសកម្មភាពក្រុមស្កេនរករោគសញ្ញាសង្ស័យជំងឺឆ្លងផ្លូវដង្ហើមថ្មីនៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញជនជាតិម្នាក់ មានផ្ទុកវីរុសកូរ៉ូណា។
គួររំលឹកផងដែរថានៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រលប់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នៅទីស្តីការក្រសួងក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថាក្រសួងបានស្រាវជ្រាវរកឃើញ។វីរុសកូរ៉ូណាមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី(2019nCoV)នៅលើបុគ្គលជនជាតិចិនម្នាក់ឈ្មោះចាជិនហួរ(JiaJianhua)ភេទប្រុសអាយុ៦០ឆ្នាំធ្វើដំណើរមកពីទីក្រុងអ៊ូហានជាមួយក្រុមគ្រួសារ៤នាក់។ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់គឺលោកចាជិនហួរ។
បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តព្រះសីហនុតាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យស្ថានភាពអ្នកជំងឺមានសភាពនឹងនរមានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ។រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថាមានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត៕