សម្តេច​ធិប​តី​៖ ទិវា​វប្បធម៌​ជាតិ​ មាន​សារៈ​សំខាន់​ ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​គុណ​តម្លៃ​ដ៏មហាសាល​នៃ​សម្បត្តិ​វប្បធម៌​ដ៏សម្បូរបែប​ ដែល​បាន​បន្សល់​ទុក​ពី​បុព្វ​បុរស​

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើន​ការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព»។

    សម្តេចធិបតីថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាឧត្តមភរិយា ពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ និងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស លើកទី៦ នាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ​២០២៥​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

    សម្តេចធិបតី បានបន្តថា «ទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ក៏បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ព្រមទាំងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សមាគមជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត»៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង