ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណ ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ ២ម៉ឺននាក់ បានចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈនេះ។
បើតាមការអោយដឹងពី រដ្ឋបាលខេត្តត្បូងឃ្មុំ ថាក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើនទទួលបានប្រាក់រង្វាន់ លេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្ត ពីឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវផងដែរ។
សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ជារៀងរាល់ឆ្នាំ។ ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជាអង្រុត ឈ្នាង និងត្រកជាដើម ដើម្បីចាប់ត្រី ក្នុងពិធីនេះ ដោយតំបន់បឹងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា៕