លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៣ខ្នង នៅចំណុចបរិវេណស្ថានីយ៍រថភ្លើងស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាវេលាម៉ោង០៨និង០៥នាទី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
ពេលកើតហេតុភ្លាមៗក្រោមបទបញ្ជា និងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យចំនួន ០៨ គ្រឿង ចេញធ្វើសកម្មភាពក្នុងពេលតែមួយជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋានចំនួន ០៣គ្រឿងរថយន្តចេញពីស្រុកសង្កែ ស្រុកឯកភ្នំស្រុកបាណន់ ស្រុកថ្មគោល និងស្រុករតនមណ្ឌលចំនួន០៥គ្រឿងថែមទៀត និងដោយបានការសហការណ៍ពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋផងទើបអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ។
លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដោយសារស្ថានភាពទីកន្លែងកើតហេតុ មានផ្លូវតូចចង្អៀតហើយលំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧបសគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបានដូច្នេះក្រុមសង្រ្គោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយនិងតទុយោយ៉ាងវែងទើបចូលទៅ ដល់ទីកន្លែង កើតហេតុ ។
លោកវរសេនីយ៍ឯក បានបន្ថែមថា ទោះជាយ៉ាងនេះក្តី ប្រតិបត្តិការរបស់នគរបាលរយៈពេលប្រមាណជាងមួយម៉ោងទើបស្ថានភាពអគ្គិភ័យបានថមថតនិងរលត់ទាំងស្រុង ដោយ ប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន១០រថយន្ត។ ជាមួយគ្នានោះ មូលហេតុនៃការកើតឡើងនូវគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស៊ើបអង្កេតបន្ត៕











