ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ជំរុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ ទប់ស្កាត់អំពើហិង្សានិងការជួញដូរស្រ្តី និងកុមារ

  • កំពង់ឆ្នាំង៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ បានជំរុញទៅដល់សមាជិកក្នុងគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារជាដើម។

    ការជំរុញនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០។

    ជាមួយគ្នានោះ ឯកឧត្ដម ឡុង ឈុនឡៃ ក៏ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវទប់ស្កាត់ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការធ្វើអនាម័យដើម្បីការពារពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តមានការអញ្ជើញចូលរូមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត អនុប្រធាន និងសមាជិក សមាជិកា តាមមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ។

    នៅក្នុងកិច្ចប្រជុំក៏មានការធ្វើបទបង្ហាញពីលទ្ធផល សកម្មភាពការងារដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ និងបានពិភាក្សាបញ្ហាប្រឈម ព្រមទាំងមានការលើកឡើងពីគម្រោងរបស់អង្គការដៃគូរអភិវឌ្ឍន៍នានានៅក្នុងខេត្តផងដែរ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង