បុរស​ម្នាក់​នៅ​ភូមិ​ម៉ុង​បា​រាំង​ វិជ្ជ​មាន​កូ​វីដ​១៩​ ខណៈ​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​ អំពាវ​នាវ​ដល់​អ្នក​ពាក់​ព័ន្ធ​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់​

  • កំពង់ឆ្នាំង៖ បុរសម្នាក់អាយុ ៣៦ឆ្នាំ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្រោយទទួលបានលទ្ធផលតេស្ត នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

    លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថា ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែបន្តស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីយកសំណាកមកធ្វើតេស្តនិងដាក់ពួកគាត់ឲ្យនៅធ្វើចត្តាឡីស័កដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ។

    លោកប្រធានមន្ទីរ ក៏អំពាវនាវចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលជាមួយបុរសខាងលើ សូមអញ្ជើញមកជួបក្រុមការងារ ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់។

    គួរបញ្ជាក់ថា តាមរបាយការណ៍របស់ការងារព្យាបាលថែទាំពិសេសនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានបង្ហាញថា បុរសជនជាតិខ្មែរ ឈ្មោះ សោម ឡូ អាយុ ៣៦ឆ្នាំ មានមុខងារជាអ្នកធ្វើ QC នៅរោងចក្រនៅរាជធានីភ្នំពេញ បានមកកាន់មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី ២៩ ខែមីនា ឆ្នាំ ២០២១ ដើម្បីពិនិត្យសុខភាព ដោយមានអាការៈក្តៅខ្លួនលើសពី៣៨អង្សារសេ ជាមួយនិងសញ្ញា ពិបាកដកដង្ហើម និង ឈឺក។ ក្រុមគ្រូពេទ្យខាងបែងចែងជំងឺបានបញ្ជូនបុរសនោះបន្តមកក្រុមការងារព្យាបាល ថែទាំពិសេស ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ។

    បន្ទាប់ពីធ្វើតេស្តរួច បុរសនោះត្រូវបានណែនាំ និង អនុញ្ញាតិអោយត្រឡប់ទៅធ្វើ ច ត្តាឡីស័កនៅផ្ទះវិញ និង រង់ចាំលទ្ធផលតេស្ត។ នៅថ្ងៃបន្ទាប់ វេលាម៉ោង ១១ និង ០០ នាទីព្រឹក បុរសនោះ បានចូលមកសំរាក ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងត្រូវបានដាក់អោយព្យាបាលដាច់ដោយឡែកនៅផ្នែកអការជំងឺឆ្លងនៃមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង។

    តាមរបាយការណ៍បង្ហាញទៀតថា តាមការសាកសួរ បុរសនេះ ចាប់មានសញ្ញាក្អក និង ពិបាកដកដង្ហើម នៅថ្ងៃអាទិត្យទី ២៨ខែមីនា ឆ្នាំ២០២១ ម៉្លេះ លុះព្រឹកថ្ងៃ បន្ទាប់ ត្រូវនឹងថ្ងៃចន្ទ ទី២៩ ខែឆ្នាំដដែល វេលាម៉ោង ៤ព្រឹក គាត់ក៏បានជិះម៉ូតូម្នាក់ឯងមកកាន់ខេត្តកំពង់ឆ្នាំងឯផ្ទះរបស់គាត់ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅម៉ោង៦៖៣០នាទីព្រឹក។ នៅម៉ោង ៨៖០០ គាត់បានធ្វើដំណើរមក កាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាមួយភរិយារបស់គាត់ ដោយម៉ូតូរៀងៗខ្លួន។ បន្ទាប់ពីបានធ្វើតេស្តរួច ម៉ោង៩៖៣០ គាត់បានត្រ ឡប់ទៅផ្ទះវិញ លុះមកដល់យប់ ម៉ោង ៧ ថ្ងៃខែដដែល គាត់បានជិះម៉ូតូកង់បី(091762)ទៅពិនិត្យព្យាបាលជំងឺនៅបន្ទប់ ពិគ្រោះព្យាបាលជំងឺ វេជ្ជបណ្ឌិត ប៉ុល ប៊ូ ដោយបានព្យូសេរ៉ូម និង បើកថ្នាំមួយចំនួនទៅលេបឯផ្ទះ។ លុះព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃ អង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ បុរសនោះ បានទៅពិនិត្យព្យាបាលជំងឺនៅបន្ទប់ពិនិត្យព្យាបាលជំងឺវេជ្ជបណ្ឌិត ប៉ុល ប៊ូ ម្តងទៀត ដោយបានព្យួសេរ៉ូម និង ប្រើប្រាស់ថ្នាំលេប ហើយត្រលប់មកផ្ទះវិញដោយម៉ូតូកង់បីដដែល។ លុះថ្ងៃបន្តិច នៅម៉ោង ១១និង០០ នាទីព្រឹក គាត់ ក៏បានធ្វើដំណើរតាមម៉ូតូកង់បីដដែលមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារអាការៈកាន់តែធ្ងន់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង