សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ។

សម្ដេចក្រឡាហោម បានកោតសសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ សម្ដេច ក៏បានចូលរួមរំលែកទុក្ខចំពោះកម្លាំងនគរបាល បានពលីជីវិតក្នុងបេសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ក៏ដូចជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ដ្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃដែលទទួលមរណៈ ភាពដោយជំងឺកូវីដ-១៩ផងដែរ។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេទាំងនៅប្រទេសកម្ពុជា និងពិភពលោក ដូច្នេះ កម្លាំងនគរបាលជាតិទាំងបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា គិតចាប់ឆ្នាំ២០១៩មក សម្តេចក្រឡាហោម ស ខេង បានផ្តល់អំណោយដ៏ថ្លៃថ្លានូវរថយន្ត Pick-Up ចំនួន៤លើក សរុប១៥៨គ្រឿង ជូនដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិរួមកហើយ។
ឯកឧត្តម បានបន្ថែមថា ដោយហេតុថា អធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួន៨៧ទៀត នៅពុំទាន់ទទួលបានរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមនៅឡើយ ទើបព្រឹកនេះ សម្តេចក្រឡាហោម បានផ្ដល់រថយន្តម៉ាក Ford Ranger Pick-UP XLT 3.2L ចំនួន៨៧គ្រឿងបន្ថែមទៀត ដើម្បីបង្គ្រប់ជូនដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៨៧ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដែលមិនទាន់ទទួលបានរថយន្ត៕
អត្ថបទ៖ សុគន្ធារី ,រូបភាព៖ ក្រសួងមហាផ្ទៃ


