លោក​​ជំទាវជូ​ ប៊ុ​​ន​​អេង​ ប្រ​ធាន​​ក្រុម​ការ​ងា​ររាជ​រដ្ឋា​​ភិបាល​​ចុះ​​ជួយ​​​ក្រុង​​កំពង់​ឆ្នាំង​ផ្ត​ល់អ​​ង្ក​​រ និង​​សម្ភារៈ​ប្រើ​​​ប្រាស់​ សម្រាប់​អាជ្ញា​ធរ​សង្កាត់​ ចែក​ជូន​ប្រ​ជាព​លរដ្ឋជួបការលំបាក

  • កំពង់ឆ្នាំង ៖ អង្ករនិងសម្ភារៈប្រើប្រាស់ ត្រូវបានលោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃនិងប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយក្រុងកំពង់ឆ្នាំង រួមនិងក្រុមការងារ បាននាំយកទៅផ្តល់ជូនដល់ចៅសង្កាត់ទាំង៤ក្រុងកំពង់ឆ្នាំងសម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអឡុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។ពិធីប្រគល់អង្ករនិងសម្ភារ:ប្រើប្រាស់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវប៊ន សុភី អភិបាលរងខេត្ត និងលោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ។

    លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា កន្លងទៅនេះ ក្រុងកំពង់ឆ្នាំង តែងតែបានចុះអប់រំផ្សព្វផ្សាយ ពន្យល់ណែ នាំដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង អំពីហានីភ័យនៃគ្រោះថ្នាក់ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ដោយណែនាំឲ្យពួកគាត់ ត្រូវពាក់ម៉ាស់ លាងដៃ ជាមួយនឹងសាប៊ូ ឬ អាល់កុល និងមិនត្រូវជួបជុំគ្នាច្រើននោះទេ ដោយរក្សាគម្លាតសុវត្ថិភាពជានិច្ច ជម្រុញឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសកុំឲ្យកើតឡើងជំងឺកូវីដ១៩ ក្នុងក្រុមគ្រួសារ មូលដ្ឋាន និង សហគមន៍ដែលខ្លួនរស់នៅ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ក្រុងកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើចំពោះអាជ្ញាធរក្រុង សង្កាត់ ទាំងអស់ ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការចុះអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋឲ្យយល់ដឹងពីជំងឺកូវីដ១៩ ។


    លោកជំទាវបានមានប្រសាសន៍ថា នៅក្នុងដំណាក់ដ៏លំបាកនេះប្រជាពលរដ្ឋយើងមួយចំនួន បានរងផលប៉ះពាលយ៉ាងធ្ងន់ធ្ងរលើបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនអាចចេញទៅប្រកបមុខរបផ្សេងៗសម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈការរីករាលដាលនៃជំងឺកូវីដ១៩កាន់ តែបន្តនូវគ្រោះថ្នាក់ដ៏ច្រើនពីតំបន់មួយទៅតំបន់មួយទៀត ។ ហើយក្នុងរយៈពេលចុងក្រោយនេះជំងឺកូវីដ១៩ បង្ករឲ្យមនុស្សស្លាប់និង ឈឺកាន់តែច្រើនផងដែរ ។ ដែលទាមទារឲ្យ អាជ្ញាធរប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់រួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយគ្រាន់តែយើងទាំងអស់គ្នា អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង វិធានការនានារបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ គឺ៣កុំ និង ៣ការពារ ។

    លោកជំទាវបានបញ្ជាក់ទៀតថា អង្ករ និង សម្ភារៈដែលផ្តល់ឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់នាពេលនេះ ត្រូវយកទៅបែងចែកឲ្យបានត្រឹមត្រូវ និងពិនិត្យឲ្យបានច្បាស់លាស់ រកមើលគ្រួសារដែលជួបការលំបាកពិតប្រាកដ ។

    ចំពោះអង្ករ និង សម្ភារៈដែលផ្តល់ជូននាពេលនេះ ក្នុង១សង្កាត់ទទួលបានអង្ករ១តោន សារុង១០០ ក្រម៉ា១០០ សាប៊ូម្សៅ១០០កញ្ចប់ សាប៊ូដុំ១០០ដុំ ទឹកដោះគោ៣កេស ជេល៥០ដប ថ្នាំដុសធ្មេញ១០០ដប និង ច្រាស់ដុសធ្មេញ១០០ដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង