សមាគមTYDA សហការ​ជា​មួយ​ក្រសួង​សុខា​ភិបាល និង​អាជ្ញាធរ​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​ការប្រើប្រាស់​គ្រឿង​ញៀន និងអប់រំ​​សុខ​ភាព​​ ដើម្បីការពារ​ជំងឺឆ្លង​នៅក្នុង​ស្រុក​កៀន​ស្វាយ

  • ក្រោមកិច្ចសហការជាមួយ​នឹង​ក្រសួង​សុខា​ភិបាល គណៈ​ពង្រឹង​ចុះជួយ​ស្រុកគៀន​ស្វាយ និងអាជ្ញាធរធរឃុំគគីរធំ ស្រុក​គៀន​ស្វាយ ខេត្តកណ្តាល ក្រុមការងារ​ចុះសហគមន៍​របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះយុទ្ធនា​ការ​ប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង អប់រំសុខភាព អនាម័យ រាង្គកាយប្រឆាំងការរីករាលដាលនៃជំងឺឆ្លងដោយវីរុស Covid​-19 នៅឃំុគគីរធំ ស្រុកគៀន​ស្វាយ ខេត្តកណ្តាល​ នៅចុងសប្ដាហ៍នេះ។

    វេជ្ជបណ្ឌិត ស៊ឹម សុខច័ន្ទ  ទទួលបន្ទុកដឹកនាំបេសកកម្មអប់រំសុខភាពនៃសមាគមTYDA បានមានប្រសាសន៍ថា បេសកកម្ម​នៃកម្មវិធី​អប់រំសុខភាពនៅតាមបណ្ដាសហគមន៍របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រចាំឆ្នាំ២០២០ គឺដើម្បី​​ចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹងនិងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើន​ការយល់​ដឹងនៃការថែទាំសុខភាពរស់នៅប្រចាំថ្ងៃផងដែរ។

    ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺផ្សព្វផ្សាយវិធានការដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លង Covid-19 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីការយល់ដឹងនិងការយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។

    លោកបន្តថា យុទ្ធនាការនេះ ក៏មានការបែងចែកជាក្រុមតូចៗបន្ថែមទៀតដើម្បីចុះផ្សព្វផ្សាយណែនាំ​នៅតាមខ្នង​ផ្ទះបងប្អូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់ នៅក្នុងឃុំគគីរធំព្រមទាំងបានចែកនូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ។

    សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ព​ដាក់ឥត​គិត​ថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំ​សុខភាព​​តាមរយៈការរស់នៅស្អាត​ហូបស្អាត ផឹកស្អាតនិងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀន​ដល់សហគមន៍​ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង