សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី ២៥ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

    អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនទៀត។

    ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ “កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»

    ឯកឧត្តមបានបន្តថា ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នឹងផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)

    ក្រៅពីនេះសម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉កផងដែរ។

    គួរបញ្ជាក់ថា  បេសកកម្មទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាពេលនេះ គឺជាដំណើរបេសកកម្មក្រៅប្រទេសលើកទី៣ហើយ ក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះបេសកកម្មក្រៅប្រទេសលើកទី១ គឺទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងលើកទី២ គឺដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង