ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចសុខចិត្តទទួលយក មតិយោបល់របស់គណបក្សដែលជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បើទោះបីមានទស្សនៈខុសគ្នាតែវាប្រសើរ ជាងទទួលយក នូវមតិយោបល់របស់ពួកបរទេសដែលតែងគាបសង្កត់ និងបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះដែលមិនមែនជា ឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា និងស្ថានភាពរបស់កម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅល្ងាចថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៩ នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ១៦ខែ និង លើកទិសដៅការងារឆ្នាំ ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែនថ្លែងសង្កត់ធ្ងន់ថា ការចូលរួមរបស់ប្រតិភូគណបក្សនៅក្នុងក្រុមប្រឹក្សានេះគឺបានបង្ហាញពីការ ស្រឡាញ់នូវសន្តិភាពភ្ជាប់ជាមួយនឹងការចូលរួមរិះគន់ក្នុងន័យស្ថាបនាដែលគ្របដណ្តប់លើទស្សនវិស័យនយោបាយខុស គ្នា របស់គណបក្សនីមួយៗ ដែលជាវប្បធម៌នយោបាយសេរីពហុបក្សនៅកម្ពុជា មិនអាចខ្វះបាន ពោលគឺការប្រមូលធនធាន មនុស្សគ្រប់ក្រុមនិន្នាការនយោបាយខុសគ្នា ក្នុងស្រទាប់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវក្នុងនាមជាម្ចាស់វាសនារបស់ជាតិ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា៖ នៅក្នុងរយៈពេល១៦ខែដំបូងគណៈប្រតិភូគណបក្ស ក្នុងឧត្តម ពិគ្រោះ និងផ្ដល់យោបល់ បានចូលរួមយ៉ាងសកម្មនិងបានផ្ដល់ធាតុចូលជាច្រើនរួមទាំងរបាយការណ៍ដែលបានមកពីការ ប្រមូលទិន្នន័យពាក់ព័ន្ធនឹងអង្គហេតុ អង្គសេចក្តី អង្គច្បាប់ ជុំវិញភាពអសកម្មនិង ភាពមិនប្រក្រតីដែលកើតមានក្នុងសង្គម ។ ក្នុងន័យនេះសម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នារយៈពេល ១៦ខែដំបូងនេះ ហើយសម្ដេចគូសបញ្ជាក់ថា បញ្ហាខ្លះបើមិនមានការរុករករបស់គណបក្សដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្ដល់យោបល់នោះទេ នោះនឹងមិនមានរបាយការណ៍មកដល់នាយករដ្ឋមន្ត្រីឡើយ ទោះបីជារយៈពេលប្រាំឆ្នាំ ឬ១០ឆ្នាំទៅមុខ ទៀតក៏ដោយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា៖«ខ្ញុំសូមស្វាគមន៍ចំពោះការប្រមូលធាតុចូលតាមរយៈ របាយការណ៍ ជាក់ស្តែង របស់ប្រតិភូគណបក្សចម្រុះក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ,ប្រសើរជាជាងទទួលយកការបញ្ជាពី បរទេស ដែលតម្រូវឬដាក់គំនាបឲ្យកម្ពុជាធ្វើបែបនេះឬ ធ្វើបែបនោះ ដែលមិនឆ្លុះបញ្ចាំងនឹងលក្ខខណ្ឌពិសេស និង កម្រិតរីក ចម្រើនជាក់ស្តែងរបស់ប្រជាជាតិ និង ប្រជាជនកម្ពុជា ។ នេះគឺជាការសម្រេចចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ដោយឈរលើ ប្រជាធិប តេយ្យ បែបកម្ពុជា ផ្អែកលើឯករាជ្យអធិបតេយ្យជាតិ ក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ » ៕