កំពង់ឆ្នាំង៖ នគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនមេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅស្រុកបរិបូណ៍ ខណៈដែលជនសង្ស័យបានត្រៀមធ្វើសកម្មភាពចែកចាយ និងជួញដូរគ្រឿងញៀន។ប្រតិបត្តិការបង្រ្កាបដោយឃាត់ខ្លួនមេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀននេះ បានធ្វើឡើងកាលពីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។
នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ គឹម ស៊ុន អាយុ៣៩ឆ្នាំរស់នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។
នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច បានរកឃើញតាងថ្នាំញៀនចំនួន ១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។ ជនសង្ស័យគឺមុខសញ្ញាដែលសមត្ថកិច្ចប្រម៉ាញ់ តាមចាប់ខ្លួនយូណាស់មកហើយ ប៉ុន្តែថ្ងៃនេះ ដោយទទួលបានព័តមានច្បាស់ការសមត្ថកិច្ចបានឡោមព័ទ្ធចាប់ខ្លួនតែម្តង ។ នៅពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី ៕