ឧត្តម​សេនីយ៍​ឯក ហ៊ុន​ ម៉ា​ណែ​ត ចាត់​ទុក​សន្តិភាព​​និង​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ជាការ​ផ្តល់​​ឱកាស​​សម្រាប់​​​កសាង​អភិវឌ្ឍ​​សមត្ថភា​ព​​កងយោ​ធពល​ខេមរ​ភូមិន្ទ

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើង​គោ​ក បានចាត់ទុកសន្តិភាព ស្ថិរ​ភាព​​នយោបាយ និងការរីកចម្រើន​​ផ្នែកសេដ្ឋកិច្ច ជាការ​ផ្តល់​​ឱកាស​​ស​​ម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធ​ពល​​ខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងចាត់ទុកដូចនេះនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សំណង់បចេ្ចកទេសលោត​​ឆត្រយោង ស​ម្ពោធ​​​​​សមិទ្ធផល និងបិទវគ្គហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ក្នុង​ខេត្តកំ​ពង់​​​ស្ពឺ កាលពីថ្ងៃទី​១៤ ខែមករា។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងទៀតថា ការជួយជ្រោមជ្រែងក្នុងកិច្ចការកសាង​សមត្ថភាព​​កង​​ទ័ពគ្រប់ផ្នែកទាំង កសាង​ហេ​ដ្ឋារ​ចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការធានាផ្សេងៗ បានស្តែង​ឱ្យឃើញ​នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាង​មូល​​ដ្ឋាន​នៃកិច្ចការ​ពារ​ជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង សម្រាប់​ការអភិវឌ្ឍជាតិ។

    ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង​យោធិន​​ទាំងអស់នៃ​បញ្ជាការ​ដ្ឋាន​​ទ័ព​ពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅជាកន្លែង​ហ្វឹក​​​​ហ្វឺនក្នុងការលោតឆត្រដែល ជាមូលដ្ឋាន​រឹងមាំ ដើម្បីកសាង​នូវ​ទី​​តាំង​យូរអង្វែង ហើយស្របពេល​ដែល អង្គភាព៩១១ បានប្រែក្លាយខ្លួនពី​កង​ពល​​តូច​ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវ​វិសាល​​​ភាពតួនាទី និងភារកិច្ចកាន់​តែធំ​​ជាង​មុន។ ជាពិសេស​​បញ្ជាការដ្ឋានទ័ពពិសេស​​ក៏​មានវិសាល​ភាព​​ធំធេងក្នុងការចូលរួម​​ចំណែក​​ថែរក្សា​​សុខ​​សន្តិភាពនិងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ព​​ពិសេស​នេះគឺជាតម្រូវការចំាបាច់សម្រាប់​បរិបទថ្មី​​នៃសង្រ្គាម​​បែប​​មិន​ប្រពៃណីដូចជា គ្រោះមហន្តរាយ​​ធម្ម​​ជាតិ និងអំពើភេរវកម្ម ជាដើម។

    គួរបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន  ឱរ៉ាល់ ពេលនេះ​រួមមាន អគារ​ស្នាក់​​នៅរបស់​​សិក្ខាកាម និងអគារ​​​អាហារដ្ឋាន ។ ក្នុងនោះក៏​បញ្ចុះបឋម​​សិលាសាងសង់ អគារសំណង់បច្ចេកទេសឆត្រយោង ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិតផងដែរ។ អគារសំណង់​បច្ចេកទេសឆត្រយោងនេះ គឺជាផ្នែកមួយ​​នៃ​​​ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​នានារបស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់​បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ព​ពិ​សេ​ស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាព​មួយរបស់​កង​​ទ័ព​​​ជើងគោក​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង