គម្រោង​អភិវឌ្ឍន៍ទំន​ប់​​ដងកាំបិត ក្នុងខេត្តព្រះវិហារ និង​កំព​ង់ធំ សម្រេច​បាន​ជិត៥០​ភាគ​រយ​ហើយ

  • គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែនក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបានលទ្ធផលប្រមាណ៤៨%។

    នៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។

    លើសពីនេះ ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា និងបង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។

    គួរបញ្ជាក់ថា ការងារសំណង់សំខាន់នៅក្នុងគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង