មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ ៖ អង្គ​ការ​សុខ​ភាព​ពិភព​លោក​និង​ អ្នក​ពាក់​ព័ន្ធ​បាន​រួម​ចំណែក​ឲ្យ​សម្រេច​បាន​ផែន​ការ​ជាតិ​៥​ឆ្នាំ​លើក​កម្ពស់​សុខ​ភាព​ កាត់​បន្ថយ​ជំងឺ​មិន​ឆ្លង​នៅ​កម្ពុជា​

  • ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះនាយកដ្ឋានការពារសុខភាព មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក WHO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមចំណែកធ្វើឲ្យ សម្រេចបានផែនការជាតិ ៥ឆ្នាំ លើកកម្ពស់សុខភាព កាត់បន្ថយជំងឺមិនឆ្លង ២០១៨- ២០២៧។ ការថ្លែងនេះរបស់ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការលើកកម្ពស់ការយល់ដឹងស្តីពីចំណីអាហារមានសុខភាព និងការកាត់បន្ថយជាតិប្រៃ និងផ្អែម ក្នុងចំណីអាហារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។


    ឯកឧត្តម បានលើកឡើងទៀតថា កិច្ចប្រជុំប្រចាំឆ្នាំ នៅពេលនេះ គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពទាំងបួន ដែលក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តសកម្មភាព ដើម្បីបំពេញភារកិច្ចផែនការ៥ឆ្នាំ របស់គណៈកម្មការអន្តរក្រសួងស្តីពីបរិស្ថាន និងសុខភាព ២០១៨-២០២៧ ដើម្បីប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចួលរួមចំណែក ក្នុងការអនុវត្តសកម្មភាពផ្សព្វផ្សាយរបស់គ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងការលើកកម្ពស់ការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អ និងកាត់បន្ថយការទទួលទានអំបិលរបស់ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យក្រសួងព័ត៌មាន អាចសម្រេចបាននូវភារកិច្ចនេះ។ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​ ក្នុងការលើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋ ក្រសួងព័ត៌មាន បានបំពេញតួនាទីរបស់ខ្លួន ក្នុងការលើកកម្ពស់សង្គមប្រកមដោយសីលធម៌ ឆ្លើយតបជូនប្រជាពលរដ្ឋ បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា តាមរយៈការផ្សព្វផ្សាយអប់រំសុខភាព ជាពិសេស ការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាព និងការកាត់បន្ថយជាតិអំបិលក្នុងចំណីអាហារ។ ក្នុងកិច្ចប្រជុំនេះ តំណាងមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ បានធ្វើរបាយការណ៍ ពីលទ្ធផល ដែលសម្រេចបាន ក្នុងការងារផ្សព្វផ្សាយ នៅតាមអង្គភាពព័ត៌មានរបស់ខ្លួន។

    លទ្ធផលដែលសម្រេចបាននេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់ខ្លួនផង ពីកិច្ចសហការជាមួយនាយកដ្ឋានការពារសុខភាព និងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាលផង ជាពិសេសពីកិច្ចសហការដ៏មានសារៈសំខាន់ ពីអង្គការសុខភាពពិភពលោក WHO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង