ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២០របស់កងពលតូចអន្តរាគមន៍លេខ១នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១២ ខែកុម្ភៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានណែនាំដល់កម្លាំងកងទ័ពទាំងអស់ត្រៀមលក្ខណៈអនុវត្តបទបញ្ជារបស់កងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលនៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩ តាមបទបញ្ជាជាក់ស្តែង និងការត្រៀមលក្ខណៈដើម្បីទទួលយកនូវការចាក់វ៉ាក់សាំងការពារកូវីដ១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ដោយសារការចាត់វិធានការម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានតឹងរឹងនានានិងដោយមានការចូលរួមជ្រោមជ្រែងរបស់មន្ត្រីគ្រប់ជំនាញនៃក្រសួងសុខាភិបាល និងបណ្តាស្ថាប័ន–អង្គភាពស៊ីវិល និងគ្រប់ប្រភេទទ័ព ជាពិសេស ប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើអោយកម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលកូវីដ១៩បានទាន់ពេលនិងល្អប្រសើរ។ ដោយឡែក ការចាក់ថ្នាំការពារ គឺដើម្បីបង្កើននូវសមត្ថភាពនៃប្រព័ន្ធការពារក្នុងសារពាង្គកាយដើម្បីជួយទប់ស្កាត់នូវការឆ្លងជម្ងឺនេះ ប្រយោជន៍គឺជួយកាត់បន្ថយការរីករាលដាលទៅដល់ក្រុមគ្រួសារ និងសហគមន៍។
ក្រៅពីណែនាំអោយត្រៀមលក្ខណៈដើម្បីចាក់វ៉ាក់សាំងការពារកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចអន្តរាគមន៍លេខ១ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព ជាពិសេសការចូលរួមក្នុងប្រតិបត្តិការរុករក និងសង្គ្រោះអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងគ្រោះមហន្តរាយទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងទៅនេះផងដែរ។




