កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ០២នាក់ និង រឹបអូសគ្រឿងញៀនជិត១០គីឡូក្រាម នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៧) មានការសម្របសម្រួលពីលោកអ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១–ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោងធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត) និង២–ឈ្មោះ ZHANG LEILIN ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិចិន។
គ្រឿងញៀនរឹបអូសបាន មេតំហ្វេតាមីន (ICE) សរុប៩គីឡូក្រាម និង៧៨៣.៧៣ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
