នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ នៅខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រារព្ធពិធីអបអរសាទរខួបលើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២០ នៅបរិវេណសួនច្បារថ្មី ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤១ ទិវាជ័យជម្នះ ៧មករា ថ្ងៃនេះ ប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជិតមួយម៉ឺននាក់។

គួររំលឹកថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះ ជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ជាមួយគ្នានោះ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺប្រជាពលរដ្ឋ គ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ៕






