អគារ និងសមិទ្ធផលនានាជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនតាមរយៈទីភ្នាក់ងារ JICA នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារ និងសមិទ្ធផលនានានោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានស្តែងឱ្យឃើញពីទស្សនវិស័យនៃការ បោះជំហានទៅមុខ មួយដំណាក់កាលទៀត របស់កំណែទម្រង់វិស័យអប់រំ នៅក្នុងអាណត្តិនីតិកាលទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកំណែទម្រង់ប្រព័ន្ធបណ្តុះបណ្តាលគ្រូបង្រៀន។
ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលប្រទេសជប៉ុននិងប្រជាជនជប៉ុន ដែលបានផ្តល់ ជំនួយហិរញ្ញប្បទានឥតសំណង ជាបន្តបន្ទាប់ ដល់កម្ពុជា និងប្រកបដោយសារៈប្រយោជន៍បំផុតក្នុងការអភិវឌ្ឍវិស័យអប់រំ និង ចូលរួមចំណែកយ៉ាងធំធេងក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ នឹងរំពឹងជឿជាក់ថា អគារថ្មីនឹងផ្តល់ឲ្យសាស្ត្រាចារ្យ និងគរុនិសិ្សត នូវ ឱកាសដ៏ល្អក្នុងការសិក្សា និងបង្រៀនជាមួយបរិយាកាសប្រកបដោយផាសុកភាព និងនិរន្តរភាព ដែលមានបំពាក់ដោយសម្ភារៈបរិក្ខារសមស្រប។
គួរបញ្ជាក់ថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ។ ភារកិច្ចស្នូលរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ គឺរ៉ាប់រងបណ្ដុះបណ្ដាលគ្រូបង្រៀនថ្នាក់បរិញ្ញាបត្រអប់រំ និងធ្វើវិក្រឹតការគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សា និងកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ។ កាលពីពេលថ្មីៗនេះ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក៏បានទទួលការដំឡើងឱ្យមានឋានៈស្មើ នឹងអគ្គនាយកដា្ឋនផងដែរ។










