យោងតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ មេសានេះ បានប្រកាសថា ក្រសួងសម្រេចយកថ្ងៃចន្ទ រៀងរាល់សប្តាហ៍នីមួយៗ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា សន្និសីទសារព័ត៌មានដែលធ្វើមួយសប្តាហ៍ម្តងនេះ គឺមានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ រាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធជាដើម។
ដោយឡែក ពេលវេលានិងទីតាំងនៃការធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាល បានកំណត់យកវេលាម៉ោង ៩៖៣០នាទី ព្រឹក នៅទីស្តីការក្រសួងសុខាភិបាលផ្ទាល់តែម្តង៕