កំពង់ឆ្នាំង ៖ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ថ្លែងថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍន៍ឲ្យវិស័យព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធិភាព ។
ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១១០ នៃទិវានារីអន្តរជាតិ ៨មិនា ដែលបា ប្រារព្វធ្វើនាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២១ ។
ឯកឧត្តម បានមានប្រសាសន៍ថា ប្រធានបទ « ស្រ្តីនិងការអភិវឌ្ឍន៍ ក្នុងបរិការណ៍កូវីដ១៩ » សម្រាប់ការប្រារព្វទិវាអន្តរជាតិនារីឆ្នាំ២០២១នេះ ជាប្រធានបទ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ក្នុងគោលបំណងរំលេចតម្លៃនៃស្រ្តីក្នុងកិច្ចអភិវឌ្ឍន៍គ្រប់កម្រិត គ្រប់វិស័យនិងគ្រប់កាលៈទេសៈដោយស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថា ស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ ។
ឯកឧត្តម ម៉ម ឈឿម បានបញ្ជាក់ថាការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហឹង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។
ឯកឧត្តម បានណែនាំដល់ស្រ្តីដែលបម្រើការងារលើវិស័យព័ត៌មាន ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមកិច្ចការងារ សង្គមជាតិនិងធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាអ្នកផ្តល់ព័ត៌មានពិតប្រាកដ ដល់សាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់ រាល់បញ្ហាវិជ្ជមាន និង អវិជ្ជមាន នៅក្នុងសង្គម ពិសេសគឺលុបបំបាត់ទាំងស្រុងរាល់ព័តមានក្លែងក្លាយ ៕