កំពង់ឆ្នាំង ៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធារឆ្នាំ២០១៩ និង ផ្សព្វផ្សាយផែនការ ការងារឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីបិទកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធិភូមិភាគពិសេស និង លោកស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោកលោស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។
លោកឧត្តមសេនីយទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានអោយដឹងថា នៅឆ្នាំ២០១៩កន្លងមកបញ្ជាការដ្ឋានតំបន់ប្រតិបតិ្តការសឹករងខេត្ត បានសម្រេចនូវស្នាដៃការងារបានល្អប្រសើរជាបន្តបន្ទាប់។ដោយបានបើកវគ្គបំប៉ន បណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់យោធិន នៅអង្គភាពចំណុះ ក្រៅពីការងារស្នូលរបស់អង្គភាព កម្លាំងយោធាបានដាំដំណាំរួមផ្សុំ ចិញ្ចឹមសត្វ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងអង្គភាព និង បានសហការជាមួយកម្លាំងមានសមត្ថកិច្ចធ្វើក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលកងទ័ពបានឈរជើងផងដែរ ។
លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំងបានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលជានិច្ចកាលតែងតែបាន សហការបានយ៉ាងមុតមាំក្នុងការ ការពារថែរក្សា សន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំងបានល្អប្រសើរ ។ជាមួយនេះការងារកងទ័ពក៏បានយកចិត្តទុកដាក់គ្រប់កាលៈទេសៈ ជូនពលរដ្ឋនិង ប្រទេសជាតិ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាព និង ធនធានសម្រាប់វិស័យការពារជាតិក៏ដូចជាបណ្ដុះបណ្ដាលហ្វឹកហ្វឺនជំនាញដល់កងយោធពលខេមរៈភូមិន្ទឲ្យមាននិរន្តរភាពគឺជាកិច្ចការដ៏សំខាន់សម្រាប់អង្គភាពដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះជាការពង្រឹងសក្តានុពលការពារជាតិអោយកាន់តែមានភាពរឹងមាំលើវិស័យការពារជាតិ ។ ជាមួយនេះគ្រប់អង្គភាពទាំងអស់ត្រូវតែអនុវត្តចំពោះគោលនយោបាយ ការយកចិត្តទុកដាក់ដល់អតីតយោធិនព្រមទាំងដោះស្រាយទាន់ពេលវេលានិងលើកសរសើរដល់អតីតយុទ្ឋជនផងដែរ។
ឯកឧត្តមបានបញ្ជាក់ទៀតថា យើងក៏ត្រូវយកចិត្តទុកដាក់ថែទាំអាវុធយុទ្ឋោបករណ៍អោយស្របទៅតាមលក្ខនបច្ចេកទេស។ បន្តចូលរួម រៀនសូត្រ នូវជំនាញនានា អប់រំចិត្តសាស្ត្រ ត្រូវគោរពបទវិន័យនិងលក្ខន្តិកៈទូទៅរបស់ កងយោធពលខេមរភូមិន្ទ ព្រមទាំងសាមគ្គីពង្រឹងផ្ទៃក្នុងសហកាណ៍ល្អជាមួយបណ្តាលកម្លាំងនានា។
ក្នុងឱកាសនោះដែរឯកឧត្តមគណអធិបតីក៏បានផ្តល់កិត្តិយស ជូននាយទាហាន និងពលទាហាន បំពាក់ គ្រឿងឥស្សរិយយសការងារ និង ផ្តល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់បុគ្គល និង អង្គភាព ដែលមានស្នាដៃល្អផងដែរ ។