កំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់ត្រូវប៉ូលីសចាប់វាយខ្នោះបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ បន្ទាប់ពីបុរសរូបនេះ បានយកពូថៅពុះអុសកាប់ទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសយ៉ាងដំណំ ។

ហេតុការណ៍អំពើហឹង្សាក្នុងគ្រួសារនេះកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ នៅក្នុងភូមិច្រកម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប៉ូលីសបានឱ្យដឹងថា ជនសង្ស័យឈ្មោះស សៅ ភេទប្រុស អាយុ៥៩ឆ្នាំ ។ រីឯស្រ្តីរងគ្រោះជាប្រពន្ធវិញឈ្មោះខាត់ រ៉េត អាយុ អាយុ៥២ឆ្នាំ ។ គ្រួសារនេះរស់នៅក្នុងភូមិ ឃុំខាងលើ ។
ប៉ូលីសបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធវ័យចំណាស់មួយគូរនេះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយនៅក្នុងខណ:ពេលនោះបុរសជាប្តីបានយកពូថៅពុះអុស កាប់ទៅស្ត្រីជាប្រពន្ធ ត្រូវចំខ្នងដៃឆ្វេង១ពូថៅ បណ្តាលឱ្យហូរឈាមយ៉ាងខ្លាំងរហូតដួលសន្លប៉នៅនឹងកន្លែងកើតហេតុ ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះជនដៃដល់ជាប្តីត្រូវប៉ូលីមូលដ្ឋានធ្វើការឃាត់ខ្លួនភ្លាមៗផងដែរ ៕