(កំពង់ធំ)៖ នៅរសៀលថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០២០ ដេីម្បីអបអរសារទរខួបលើកទី៤២ឆ្នាំ នៃថ្ងៃកំណេីតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ ផងនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំសហការី នាំយកនូវអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី យកទៅផ្តល់ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង និងអតីតយុទ្ធជនចំនួន ១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត ស្ថិតនៅភូមិសេរីវង្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជម្រាបជូនប្រជាពលរដ្ឋទាំង១២ គ្រួសារ អំពីស្ថានភាពការឆ្លងរីករាលដាលមេរោគកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដូច្នេះទាមទារចាំបាច់ឲ្យបងប្អូនទាំងអស់ រួមជាមួយក្រុមគ្រួសារ បើគ្មានការចាំបាច់មិនត្រូវចេញក្រៅផ្ទះ ហើយពេលចេញក្រៅផ្ទះត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងសម្អាតដៃឲ្យបាន ញឹកញ៉ាប់ ជាមួយអាកុលសម្លាប់មេរោគ ឬជែលសម្រាប់លាងសំអាតដៃឲ្យបានជាប្រចាំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ដោយសារតែជីវភាពមានការខ្វះខាតបងប្អូន ការផ្តល់ជំនួយពិតជារឿងចាំបាច់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ទើបក្រុមការងារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី មកផ្តល់ជូននាពេលនេះ ដើម្បីបានដោះស្រាយការលំបាក ក្នុងជីវភាព បានមួយរយៈពេលខ្លីផងដែរ ។
គួរជម្រាបជូនផងដែរ អំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង និងអតីតយុទ្ធជនចំនួន១២គ្រួសារនៅពេលនេះ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ចំនួន២៥ គីឡូក្រាម មីចំនួន ០១កេស ទឹកស៊ីអ៊ីវ ចំនួន០១យួរ ម៉ាស់ក្រណាត់ចំនួន១២ម៉ាស់ និងថវិកាមួយចំនួនផងដែរ ៕






