នគរបាលកម្ពុជា​ឃាត់នាវាកាំមេរ៉ូនមួយគ្រឿង ដែលចូលមកបំពានដែនសមុទ្រ​កម្ពុជា

  • កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​នាវា​កាំមេរ៉ូន​​មួយ​គ្រឿង​ដែល​បាន​ចូល​មក​បំពាន​ដែន​សមុទ្រ​កម្ពុជា​និងធ្លាប់​ធ្វើ​សកម្មភាព​បំពាន​សេចក្តី​សម្រេច​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ចំពោះ​ទណ្ឌកម្ម​លើប្រទេសកូរ៉េ​ខាងជើង​ផងដែរ។នេះ​បើ​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នៅ​ថ្ងៃទី០១ ខែ​មីនានេះ។

    យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់អគ្គស្នងការ​នគរបាលជាតិ បានឱ្យដឹងថា នាវានេះ​​មាន​ឈ្មោះ MT-COURAGEOUS មានផ្ទុកនាវិក ១៦នាក់។ នា​វានេះបានចេញពីកំពង់ផែ Kao Hsiung នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ លុះ​ដល់​ថ្ងៃទី២៦ ខែកុម្ភៈ បានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវៃ។

    បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងដែរថា នាវាមួយគ្រឿង​នេះ​ធ្លាប់​បាន​ធ្វើសកម្មភាព​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើងផងដែរ។ នាវានេះ បានផ្ទេរ​ទំនិញ​ផ្សេងៗ​ទៅកាន់ទូកដឹកទំនិញរបស់កូរ៉េខាងជើង។

    បើតាម​អគ្គស្នងការនគរបាលជាតិ បច្ចុប្បន្ននាវាមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ច​នគរ​បាល​ការ​ពារ​ព្រំដែន​ទឹក ឃាត់និង​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងចាត់ការ​តាមច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង