កំពង់ឆ្នាំង ៖ ផ្ទះចំនួន១៨ខ្នងត្រូវបានបាក់រលំរាបដល់ដី និង ២៥៨ខ្នងផ្សេងទៀតបានប៉ើងរបើកដំបូល ដែលបង្ករឡើងដោយគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងខេត្តកំពង់ឆ្នាំង ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី៦ ខែឧសភានេះ ។

នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនៃខ្យល់កន្រ្តាក់នេះ បានបោកបក់ទៅលើភូមិចំនួន១១៥ភូមិ ក្នុងឃុំ សង្កាត់ចំនួន៤៧ និង ស្រុក ក្រុងចំនួន៧ នៅក្នុងខេត្តកំពង់ឆ្នាំង ។ ឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងបានរលំបាក់រាបដល់ដីចំណែកឯផ្ទះចំនួន២៥៨ខ្នងទៀតបានរងផលប៉ះពាល់ របើកដំបូលនិងដាច់ជញ្ជាំង របើកដំបូលសាលារៀន៤ខ្នង របើកដំបូលការិយាល័យអប់រំស្រុក១ខ្នង របើកដំបូលសាលាឃុំ១ខ្នង របើកដំបូលប៉ុស្តិ៍នគរបាល១ខ្នង រលំដើមឈើ៧ដើម រលំបង្គោលអគ្គីសនី១ដើម របួសមនុស្សម្នាក់និង ងាប់គោ១ក្បាល ដោយសារដើមត្នោតបាក់រលំសង្កត់លើ ។

សូមបញ្ជាក់ថា ក្រុង ស្រុកចំនួន៧ ដែលរងផលប៉ះពាល់ គឺ ក្រុងកំពង់ឆ្នាំង ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុស៕


