សម្តេចព្រះមហាសុមេធាធិបតី កត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា អំពាវនាវដល់វត្តអារាមទូទាំងប្រទេស ឲ្យអភិរក្សសំណង់បេតិកភណ្ឌបុរាណពុទ្ធសាសនា រួមមាន កុដិ វិហារ សាលា ហោត្រៃ ធម្មមន្ទីរ បណ្ណាល័យ ដង់ទង់ និងគំនូរបុរាណជាដើម ។
សម្តេចព្រះសង្ឃនាយក បានប្រគេនជូនដល់ព្រះមេគុណគ្រប់រាជធានី ខេត្តធ្វើការផ្សព្វផ្សាយជាបន្ទាន់ដល់ ព្រះអនុគណ ព្រះចៅអធិការ លោកអាចារ្យ និងគណៈកម្មការគ្រប់វត្តទូទាំងរាជធានី ខេត្ត ដើម្បីឲ្យបានជ្រួតជ្រាប និងចូលរួមសហការណ៍អនុវត្តទប់ស្កាត់កុំឲ្យមានករណីវាយកំទេចសំណង់បេតិកភណ្ឌពុទ្ធសាសនានៅក្នុងវត្តអារាម ដូចជាករណីព្រះវិហារខេត្តកំពង់ធំ និងសាលាធម្មមន្ទីរខេត្តកំពង់ឆ្នាំង កន្លងមក។ ចំពោះវត្តដែលមានសំណង់បេតិកភណ្ឌពុទ្ធសាសនា ហើយមានបំណងជុសជួលត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចជាមុន ។
សម្តេចព្រះសង្ឃនាយក បានមានសង្ឃដីកាថា ក្នុងករណីព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ វត្តណា ធ្វើការរុះរើ ជួសជុល វាយកម្ទេច នូវ កុដិ វិហារ សាលា ហោត្រៃ ធម្មមន្ទីរ បណ្ណាល័យ ដង់ទង់ និងគំនូរបុរាណជាដើម ដោយគ្មានច្បាប់អនុញ្ញាត ពីអាជ្ញាធរ ឬក្រសួងស្ថាប័នពាក់ព័ន្ធ ព្រះចៅអធិការ លោកអាចារ្យ គណៈកម្មការ វត្តនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
គួរបញ្ជាក់ថា សារាចរអន្តរក្រសួងលេខ០១ ស.រ.ច. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការនិងសាសនា ស្តីពីការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកម្ទេចបំផ្លិចបំផ្លាញ ធ្វើឲ្យបាត់បង់ ឬធ្វើឲ្យខូចខាត និងការប្តូររូបរាងសំណង់
បុរាណ គំនូរបុរាណ និងវត្ថុបុរាណនៅតាមវត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ៕