កំពង់ឆ្នាំង៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាបនរមាញ់និងនេសាទ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ មកធ្វើប្រហុកផ្អក ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែធ្នូនេះ ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាបរួចមកឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះគឺចាប់ពីថ្ងៃ៦កើតដល់ថ្ងៃ១២កើតត្រូវនឹងថ្ងៃទី២០រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អគ្មានភ្លៀងកក់ខែឬទទួលរងឥទ្ធិពលព្យុះ ។
យោងលើស្ថាភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អកត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្សនេះ ឲ្យបានរួសរាន់តាមពេលវេលានិងទីកន្លែងដូចបានជម្រាបជូនខាងលើ ។
ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្ករលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូ ផលិតផលត្រីកុំឲ្យរាំងស្ទះតាមការគូរ ៕