កំពង់ឆ្នាំង ៖ ផែដឹកជញ្ជូនថ្មីមួយរបស់ខេត្តកំពង់ឆ្នាំង ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ត្រូវបានធ្វើពិធីក្រុងពលីឆ្លងដាក់ឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា កំពង់ផែថ្មីដែលប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនាពេលនេះ គាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រក្រឡា មានលក្ខណៈល្អប្រសើរជាងមុន ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ កសិផល របសប្រជាកសិករ ឲ្យកាន់តែឆាប់រហ័សថែមទៀត ។ ការសាងសង់កំពង់ថ្មីនេះនឹងធ្វើអោយប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និង ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្តផងដែរ ។ កំពង់ផែថ្មីនេះ ស្ថិតនៅក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្ករកាលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផលនិងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានបញ្ជាក់ថា កត្តាសន្តិភាពពិតជាមានតម្លៃដ៍មហាសាល សម្រាប់ការអភិវឌ្ឍន៍ បើគ្មានសន្តិភាពទេនោះ ក៏គ្មានការអភិវឌ្ឍន៍ដែរ ។ នៅក្រោយថ្ងៃ៧មករា ខេត្តកំពង់ឆ្នាំងចាប់ផ្តើមមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ និង មានអ្វីៗដូចសព្វថ្ងៃនេះ ។ ដូចនេះយើងត្រូវតែថែរក្សាការពារនូវអ្វីដែលមាននាពេលនេះ គឺត្រូវការពារឲ្យបាននូវសុខសន្តិភាព ដែលមាននាពេលបច្ចុប្បន្ននេះឲ្យបានគង់វង្សជារៀងរហូត ដើម្បីការអភិវឌ្ឍន៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត ៕