រដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី២៦ ខែសីហានេះ បានបើកកិច្ចប្រជុំពិនិត្យត្រៀមរៀបចំកំណត់គោលដៅតំបន់ទេសចរណ៍ដោយ មានការចូលរួមពីសំណាក់លោក សំ ចាន់ថន អភិបាលនៃគណអភិបាលស្រុកកំពង់លែង លោក សេង សាលី ប្រធានមន្ទីរទេសចរណ៏ខេត្តកំពង់ឆ្នាំង លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តកំពង់ឆ្នាំង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ និងតំណាងសហគមន៏ចូលរួម ។
បើតាមលោក សេង សាលី ប្រធានមន្ទីរទេសចរណ៏ បានបញ្ជាក់ថា នៅក្នុងស្រុកកំពង់លែង គឺមានទិដ្ឋភាព និងស្ថានភាពជាទេសចរណ៏មានទៅដល់ចំនួនៈ ៨កន្លែង ដែលអាចវាយតម្លៃបាន រួមមានតំបន់ច្រកយោនី ទឹកជ្រោះអូរតាអំ ថ្មកន្ទេល ភ្នំវាំងនន ភ្នំទេពី វត្តជប់តាក្លង និងប្រាសាទនានា ពិសេសតំបន់ជីវចម្រុះគ្រប់យ៉ាងនៅភ្នំទូកមាស ។
ជាមួយគ្នានោះ លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង ក៏បានបញ្ជាក់បន្ថែមដែរថា តំបន់គ្រប់យ៉ាងភ្នំនាងកង្រី និងភ្នំទូកមាសអាចនិងបង្កើតជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវបាន។ លោកអភិបាលស្រុក ក៏បានសំណូមពរដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យការគាំទ្រ និងផ្តល់យោបល់ដល់ក្រុមការងារដើម្បីរៀបចំផែនការគោល និងកំណត់តំបន់ទេសចរណ៍ដាក់ឆ្លងទៅជូន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងខាងមុខ ៕