រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រកាស​ផ្អា​ក​ការ​រៀប​ចំ​ពិ​ធី​មង្គល​ការ​ និង​ការ​ជួប​ជុំ​ទាំង​អស់​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​​ចូល​រួមទប់ស្កាត់កូ​វីដ​១៩​​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងដល់សាធារណជន ដែលមានរៀបពិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និង ការជួបជុំតាមបែបសាសនានានា ត្រូវផ្អាកជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការនិងការពារជំងឺកូវីដ១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

    ការចេញបំរាមរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើឡើងក្រោយប្រទេសកម្ពុជា បានផ្ទុះឡើងនូវព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» កំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញ ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានចេញផ្សាយជាបន្តបន្ទាប់ និងក្នុងន័យបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលក្នុងសហគមន៍ នៃខេត្តកំពង់ឆ្នាំង។

    បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងយ៉ាងដូច្នេះថា សូមលោកអភិបាលក្រុង ស្រុក និង ស្ថាប័នមានសមត្ថកិច្ច ធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ ឃុំ សង្កាត់និងស្ថាប័នមានសមត្ថកិច្ចឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងជាថ្មី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង