ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក និងផែនការ ការងារដែលត្រូវបំពេញបន្ត នាពេលខាងមុខ ។

នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងនូវការកោតសរសេរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កំលាំងកាយចិត្ត ដើម្បីសម្រេចបានលទ្ធផលការងារយ៉ាងល្អ ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយទទួលបានការលើកសរសេរពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្រាប់លទ្ធផលការងារជោគជ័យរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងការកោត សរសើរ ចំពោះដំណើរការរៀបចំកម្មវិធី ជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៥ ឆ្នាំ២០២៣ កាលល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នាមជ្ឍមណ្ឌលសន្និបាទនិងពិពណ៌កោះពេជ្រ ប្រព្រឹត្តទៅបានយ៉ាងល្អ ៕



