បន្ទាប់ពីឆ្លងកាត់នីតិវិធីដេញថ្លៃនិងការវាយតម្លៃដោយប្រើរយៈពេញមួយឆ្នាំរួចមក នាថ្ងៃទី០៥ ខែកុម្ភៈ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសសមាសភាពក្រុមហ៊ុនចំនួន៣ ដែលទទួលបានសិទ្ធិផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមប្រកបលក្ខណៈស្តង់ដារមានប្រសិទ្ធិក្នុងរាជធានីភ្នំពេញ ។ ក្រុមហ៊ុនឯកជនទាំង ៣ រួមមានក្រុមហ៊ុន Mizuda Group Co.,Ltd ក្រុមហ៊ុន 800 Super/GAEA និងក្រុមហ៊ុនស៊ីនទ្រី/Everbright (China)។
ក្នុងពិធីប្រគល់និងទទួលកិច្ចសន្យានាព្រឹកមិញនេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាក្រុមហ៊ុនទាំង៣ នឹងចាប់ផ្តើមប្រតិបត្តិការផ្តល់សេវាប្រមូលនឹងដឹកជញ្ជូនសំរាមទៅតាមតំបន់ ដែលខ្លួនបានឈ្នះក្នុងការដេញថ្លៃ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានបែងចែកខណ្ឌទាំង១៤ជា៣តំបន់។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអោយដឹងទៀតថា តំបន់ដែលត្រូវបែងចែកជា ៣ នោះ រួមមាន តំបន់ទី១ មានខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ គឺក្រុមហ៊ុន 800 Super/GAEA ជាអ្នកប្រតិបត្តិការ។ តំបន់ទី ២ មានខណ្ឌដង្កោ ពោធិ៍សែនជ័យ កំបូល ដូនពេញ ខណ្ឌ៧មករា គឺក្រុមហ៊ុន មីហ្សូដាក (Mizuda Group Co.,Ltd) ជាអ្នកប្រតិបត្តិការ។ ចំណែកតំបន់ទី ៣ មានខណ្ឌចំការមន មានជ័យ ច្បារអំពៅ និងខណ្ឌបឹងកេងកង អ្នកប្រតិបត្តិការ គឺក្រុមហ៊ុនស៊ីនទ្រី /everbright (China)។
ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ប្រតិបត្តិករក្រុមហ៊ុនទាំង៣ អនុវត្តនូវប្រតិបត្តិការផ្ដល់សេវា ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅតាមតំបន់របស់ខ្លួន ឱ្យបានល្អ អស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់។
គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់ជាបណ្តោះសិន ក្រោមហេតុផលថា ក្រុមហ៊ុនស៊ិនទ្រី មានតែមួយ គឺមិនអាចប្រមូលសំរាមនៅភ្នំពេញ មានប្រសិទ្ធភាពនោះឡើយ ពោលគឺចាំបាច់ត្រូវមានក្រុមហ៊ុនយ៉ាងហោចណាស់ ៣ ទៅ៤ ក្រុមហ៊ុនទៀត ទើបជាការល្អ ក្នុងប្រតិបត្តិការចេញប្រមូលសំរាម ។ ហើយការប្រមូលសំរាម នៅភ្នំពេញ ក៏តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍ ចូលរួមផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម និងសំណង់រឹងនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង៣ដែលឈ្នះការដេញថ្លៃ និងដែលទទួលបានសិទ្ធិផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញនេះ ត្រូវបានសម្រិតសម្រាំងជ្រើសរើស ក្នុងចំណោមក្រុមហ៊ុនទាំង២០ ដែលបានចូលរួមដេញថ្លៃ។ ចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះនឹងត្រូវឆ្លងកាត់ជា ២ ដំណាក់កាលគឺ ទី ១ ការវាយតម្លៃលើបុរេសមត្ថភាព និងលក្ខណសម្បត្តិរបស់ក្រុមហ៊ុន។ ទី ២ គឺការវាយតម្លៃជ្រើសរើសក្រុមហ៊ុនចំនួន ៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់។
ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុងមួយថ្ងៃៗ រាជធានីភ្នំពេញមានសំរាមប្រមាណ ជា៣០០០តោន ដែលត្រូវបានប្រមូល និងដឹកជាប្រចាំទៅចាក់ចោលនៅទីលានចាក់សំរាមជើងឯក ៕