សម្តេច​តេជោ​ ហ៊ុន សែន ព្រមាន​មិន​ទុក​មន្ត្រីណា​ដែល​ធ្វើ​ចៅ​ហ្វាយ​ប្រជាពល​រដ្ឋនោះ​ទេ​

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបាន បញ្ជាក់ទៅ​កាន់មន្ត្រី​ទាំងអស់​ថា សម្តេច​ត្រូវតែវះ​កាត់មន្ត្រីណា​ដែលមាន​ចរិក​ធ្វើ​ជា​ចៅហ្វាយ ឬស្មើងស្មៃជាមួយប្រជាពលរដ្ឋនោះ។​ សម្តេចថ្លែងបញ្ជាក់ដូចនេះ​ក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន​៥៧៥នាក់ នារី១០៥នាក់ បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ដោយជោគជ័យ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា​”មន្ត្រីត្រូវចាំថាមន្ត្រីទាំងអស់ជាអ្នកបម្រើប្រជាជន​មិនមែនជាចៅហ្វាយ​របស់​ប្រជា​ជន​​​នោះទេបើមិនចាំដូច្នេះទេមន្ត្រីនេះនឹងវិនាសជាមិនខាន”។ សម្តេចតេជោបានបន្តថា ​មន្ត្រីទាំងអស់រាប់​ទាំង​មន្ត្រីសង្ឃ នៅ​ពេល​សឹកហើយចូលធ្វើការងារត្រូវតែចង់ចាំខ្លួនជាបម្រើ​ប្រជាជន មិន​មែនជាចៅហ្វាយប្រជាជនទេ។ សម្តេច​តេជោ​បានបន្ដ​ទៀតថា​ “មន្ត្រីមិនមែនជាចៅហ្វាយ​ប្រជា​​ជននោះទេ យើងជាខ្ញុំបម្រើ​ដល់ស្មោះត្រង់បំផុតរបស់ប្រជាជន”។

    សម្ដេចតេជោបានបន្ថែមថថា ចំណុចនេះទើបធ្វើឱ្យអ្នកទាំងអស់គ្នាក្លាយជាមន្ត្រីដែល​ល្អដែលប្រជាជនផ្តត់ជំនឿទុកចិត្ត ផ្ទុយ​ទៅ​វិញបើមិនបែបនេះទេអ្នកនឹងក្លាយជាមន្ត្រី ដ៏អាក្រក់​ដែលប្រជាពលរដ្ឋស្អប់ខ្ពើម។ សម្ដេចតេជោថ្លែងថា “រឿងនេះ​ត្រូវយក​ចិត្តទុកដាក់ និងប្រុង​ប្រយ័ត្នខ្លាំងណាស់ ហើយរឿងមួយទៀតគឺឥរិយាបថដែលត្រូវយកទុកចិត្តដាក់ និងយល់ឱ្យ​ច្បាស់ថាប្រជា​ពលរដ្ឋ​គឺអ្នកដែលយើងត្រូវបម្រើ មិនមែនជាគោលដៅយើងត្រូវបង្ក្រាប និងជា​គោលដៅប្រមាថនោះ​ទេ ឬគោល​ដៅ​មិន​យក​ចិត្ត​ទុកដានោះទេ”។

    សម្តេចតេជោបានលើកឡើងថា ចំណុចទាំងនេះត្រូវចាំឱ្យបាន និងរម្លឹកខ្លួនឯងឱ្យ​បាន​២៤ម៉ោងថាខ្លួនជាអ្នកបម្រើប្រជាជន មិន​មែនជាចៅហ្វាយនាយរបស់ប្រជាជន នោះទេ។ ភាពពើង​ទ្រូងរបស់មន្ត្រីនឹងនាំមកនូវក្តីវិនាសជាមិនខាន ហើយ​ជា​បទ​ពិ​សោ​ធន៍។​សម្តេច​តេជោ​​ថ្លែងគូសបញ្ជាក់ថា “ភាពពើងទ្រូងណាមួយតែងតែនាំក្តីវិនាសដល់មន្ត្រីទាំងនោះ នេះ​ជា​​បទ​ពិសោ​ធន៍​។ អីញ្ចឹងខ្ញុំបានឆ្លងកាត់ដំណើរឿងនេះ គិតមកពេលនេះ រយៈពេល៥០ ឆ្នាំ​ហើយ បើកគិតឆ្នាំ១៩៧០ ប៉ុន្តែបើ​និយាយ​ពីការ​គ្រប់​គ្រង​ក្នុងអំណាច​គឺ៤១ ឆ្នាំ ក្នុងជាង៣៥ ឆ្នាំនៃការកាន់ជាតំណែងនាយករដ្ឋមន្ត្រី។ ចំណុចដែល​ឃើញឱ្យច្បាស់​ថាភាពពើង​ទ្រូង​គឺជា​ការស្ពប់ខ្ពើម។”

    សម្ដេចតេជោបានលើកឡើងទៀតថា ការដែលមន្ត្រីធ្វើពើងទ្រួងដាក់ប្រជាពលរដ្ឋនេះ​បានធ្វើឱ្យប្រជាពលរដ្ឋ ខឹងគោវៃរទះ គឺស្អប់​ចៅហ្វាយស្រុក ស្អប់ចៅហ្វាយខេត្ត ខឹងមកដល់​នាយករដ្ឋមន្ត្រីទៅវិញ។ រឿងនេះគឺជារឿងដែលធ្វើការវះកាត់ ហើយ​មិន​អ​នុញ្ញាតឱ្យទេ គេ​ឃើញហើយដាក់ ឬដកហើយ។ សម្ដេចតេជោបានអះអាងថា បើថ្នាក់ជាចៅហ្វាយ​ខេត្តប្រើ​ពេល៣ម៉ោង និង​ចៅហ្វាយខេត្តរងប្រើពេល១៥នាទីប៉ុណ្ណោះ សម្រាប់ការដកចេញពី​ដំណែង។​ សម្ដេចតេជោបានឱ្យដឹងទៀតថា សម័យ​នេះ​ជា​សម័យហ្វេសប៊ុក ព័ត៌មាន លឿនណាស់ ដូច្នេះមិនទុកមន្ត្រីដែលស្មើងស្មៃ ឬប្រមាថចំពោះប្រជាពលរដ្ឋនោះទេ ពិសេស​នោះ​ការ​មិនស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ហើយធ្វើចៅហ្វាយប្រជាពលរដ្ឋ។

    សម្តេចតេជោក៏បានផ្តាំទៅកាន់មន្ត្រីថា ត្រូវធ្វើជាមន្ត្រីដែលធ្វើការនៅកន្លែងហើយចាក​ចេញពី​កន្លែង​ត្រូវធ្វើ​ឱ្យប្រជាជន​ស្រឡា​​ញ់​ និងនឹកដោយកុំឱ្យប្រជាជនថាពេញចេញទៅប្រជា​ជន​ថាព្រាត់ ប្រាស់ទៅណាក៏ទៅឱ្យសោះ។

    សម្ដេចតេជោបានបន្ថែមថា មានចៅហ្វាស្រុកមួយចំនួននៅពេលកាន់ដំណែងធ្វើឱ្យ​ប្រជាជន​​មិនពេញចិត្តផងដែរ ហើយ​ពេល​ចេញ​ទៅប្រជាជនថាចេញឱ្យលឿនផងដែរ។ ដូច្នេះ​ មន្ត្រីទាំងអស់ត្រូវគិត​ពីបញ្ហា​គុណធម៌ផងដែរ។ កន្លងមកនេះ មាន​មន្ត្រី​ភាគ​​ច្រើនធ្វើបានល្អ​ចំពោះប្រជាជនដែរ តែនៅមានមន្ត្រីមួយចំនួនទៀតត្រូវតែខិតខំបម្រើប្រជាជនឱ្យអស់ពី​សមត្ថភាព៕

    ប្រភព៖ AKP

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង