ស្រុក​អង្គរជុំ ក្លាយជាស្រុកដំបូង​ក្នុងខេ​ត្តសៀ​ម​រាប​ ដែល​សម្រេច​​បាន​ជាស្រុក​បញ្ឈប់​ការ​បន្ទោ​​បង់​ពា​សវា​លពា​ស​កាល

  • ស្រុកអង្គរជុំ ក្នុងខេត្តសៀមរាប បានក្លាយជាស្រុកដំបូងគេ​ក្នុងខេត្ត​ដែលសម្រេច​បានជាស្រុក​បញ្ឈប់ការ​បន្ទោ​បង់​ពាសវាលពាសកាល។ ដើម្បីបង្ហាញជាសក្ខីភាព នៃការខិតខំប្រឹងប្រែង​របស់អាជ្ញាធរ និង អង្គការដៃគូនានា ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ បានប្រារព្ធឡើងនៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។គណៈកម្មាធិការវាយតម្លៃដែលមានសមាសភាពមកពីក្រសួងអភិវឌ្ឍន៍ជនបទមន្ទីរអភិវឌ្ឍន៍ជនបទ និងតំណាងស្រុកជិតខាងបានធ្វីការវាយតម្លៃ​ស្រុកអង្គរជុំស្រុក ជាស្រុកដំបូងបំផុត ដែល​បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងស្រុងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ លក្ខខណ្ឌជម្រុញឱ្យស្រុកអង្គរជុំ បានក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់​ពាស​វាល​ពាស​កាលទាំងស្រុងដោយសារប្រជាពលរដ្ឋក្នុងឃុំនីមួយៗយល់ដឹងខ្ពស់ពីបញ្ហាអនាម័យ​និង​មានទម្លាប់អនុវត្តអនាម័យ ក្រោយពីបានចូលរួមយល់ដឹងអំពីការផ្សព្វផ្សាយបំផុសអំពី​អនា​ម័យ។លោក យី គីមថាន នាយករងប្រចាំប្រទេស​ផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា​ បាន​លើក​ឡើងថា«ស្រុកអង្គរជុំក្លាយជាស្រុកដំបូងបំផុតនៅខេត្តសៀមរាបដែលបញ្ឈប់ការបន្ទោបង់ពាស​វាល​ពាសកាល (ODF)ក៏ដោយសារកិច្ចសហការល្អពីអាជ្ញាធរភូមិ ឃុំ ស្រុក​ជាមួយ​ដៃគូ​អភិ​វឌ្ឍន៍​​​នា​នា។ ឃុំបានវិភាគថវិកាមូលនិធិឃុំក្នុងការចូលរួមបដិភាគសាងសង់បង្គន់និងផ្សព្វផ្សាយ​ពីអនាម័យ។ ឃុំនិងស្រុកបាន​លើករបៀបវារៈការងារទឹកស្អាតនិងអនាម័យក្នុងកិច្ចប្រជុំក្រុម​ប្រឹក្សាជាប្រចាំខែ ដោយមានការគាំទ្របច្ចេកទេសពីក្រសួងនិងមន្ទីរ​អភិវឌ្ឍន៍​ជនបទអង្គការ​បណ្តុះ​កុមារ និងអង្គការភ្លែនអន្តរជាតិបានចូលរួម និងផ្សព្វផ្សាយលើកកម្ពស់​អនាម័យនៅស្រុក»។

    លោកបន្តថា «ការលើកកម្ពស់អនាម័យមិនមែនគ្រាន់តែជាការសាងសង់បង្គន់ប៉ុណ្ណោះទេ ប៉ុន្តែ​វាជាការអប់រំដើម្បីផ្លាស់ប្តូរទម្លាប់បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលផឹកទឹកដែលមានសុវត្ថិភាពនិងមានទម្លាប់លាងសម្អាតដៃជាមួយសាប៊ូជានិច្ច។ ការរក្សាស្ថានភាពបញ្ឈប់ការ​បន្ទោ​បង់​​ពាសវាលពាសកាលមានសារៈសំខាន់បំផុតដែលទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់និង​ភាពជាអ្នកដឹកនាំ និងសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក និងឃុំដើម្បី​ធានា​ថាសមិទ្ធិផលនេះ​មាន​ផល​ប៉ះ​ពាល់យូរអង្វែង​ដល់ប្រជាពលរដ្ឋ»។

    គួរបញ្ជាក់ថា ស្រុកអង្គរជុំ គឺជាស្រុកមួយក្នុងចំណោម​ក្រុង ស្រុកទាំង ១២ នៃខេត្តសៀមរាប មានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិនិងមានប្រជាជនរស់នៅចំនួនជាង ១៥៧០០ ខ្នងផ្ទះ។ ក្នុងឆ្នាំ ២០១៦ មានតែ៤៥%នៃគ្រួសារទាំងអស់ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់បង្គន់។ ការ​យល់​ដឹង របស់ប្រជាជនអំពីសារៈសំខាន់នៃការអនុវត្តអនាម័យនៅមានកម្រិតទាប ការបន្ទោបង់​ពាសវាលពាសកាលជារឿងធម្មតា។ បន្ទាប់ពីការជម្រុញនិងផ្សព្វផ្សាយ រួមជាមួយកិច្ច​សហការ​ល្អរវាង​អាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈ​ពេល៤ឆ្នាំ ប្រជាជនទាំង​អស់​នៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា។

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង