បន្ទាប់ពីសម្រេចចិត្តចេញលុយផ្ទាល់ខ្លួនបើកអោយកម្មករជំនួស ម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB)រួចរាល់ហើយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានសម្រេចលើកលែងអោយម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) ដើម្បីមានពេលកែខ្លួន ប៉ុន្តែរាល់បញ្ហាផ្សេងៗចំពោះក្រុមហ៊ុន(KMB)នេះ អ្នកឧកញ៉ា មិនពាក់ព័ន្ធទទួលខុសត្រូវទៀតឡើយ។
នៅលើទំព័រហ្វេកបុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអោយដឹងថា បន្ទាប់ពីការសួរនាំពីរឿងបើកលុយអោយកម្មករយឺតពេល និងមានបញ្ហារឿងនេះកើតឡើង ម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) បានឆ្លើយថាគឺដោយសារមានធុរៈបន្ទាន់ម្ដាយឈឺ ហើយម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB)រូបនេះ ក៏ព្រមទទួលកំហុសគ្រប់យ៉ាង។
ដ្បិតតែបានសម្រេចលើកលែងដល់ម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) ប៉ុន្តែ អ្នកឧកញ៉ា ក៏បានដកការងារពីក្រុមហ៊ុនម៉ៅការ(KMB)បញ្ឈប់អោយធ្វើបន្ដហើយបញ្ចប់កិច្ចសន្យាក្នុងគម្រោងម៉ៅការ អគារអាពាណិជ្ជទាំងអស់នោះចាប់ពីពេលនេះតទៅ ដោយមិនអោយក្រុមហ៊ុន(KMB)នេះបន្តធ្វើទៀតទេ។ ហើយអ្នកឧកញ៉ានឹងត្រៀមទទួលដេញថ្លៃអោយទៅក្រុមហ៊ុនផ្សេងជំនួសវិញ។
គួរបញ្ជាក់ថា យប់ថ្ងៃទី១៤ ខែមិថុនា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានអញ្ជើញទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍទីក្រុងរណប poipet Satellite city ជាប់នឹងព្រំដែនថៃទាំងយប់ដើម្បីត្រួតពិនិត្យបើកប្រាក់ជូនបងប្អូនកម្មករ ដោយសារតែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ (KMB) បែរជាមិនបើកឲ្យកម្មករទៅវិញ ដែលធ្វើឲ្យកម្មករយល់ច្រលំមកលើក្រុមហ៊ុនរបស់អ្នកឧកញ៉ា ។
គួររម្លឹកថា ថ្មីៗនេះផ្ទុះកាតវ៉ា ពី បងប្អូន កម្មករបំរើការងារឲ្យ “គម្រោងទីក្រុងរណប Poipet Satellite City ” របស់ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថា មិន បាន បើក លុយ ឲ្យ កម្មករ ។ ខណៈអ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែងរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ដើម្បីមកទទួលខុសត្រូវនឹងបើកលុយជូនកម្មករជាកំហិត។
គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖ កាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគារពាណិជ្ជកម្មជាច្រើនទៀត៕











