កំពង់ឆ្នាំង ៖វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមធ្យមលើកទី១ ស្តីពី « បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតព័ត៌មាន និងការផលិតមាតិកាផ្សព្វផ្សាយ » ត្រូវបានបញ្ចប់និងធ្វើបិទនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួម ជាមន្ត្រីរាជការក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត និងមកពីអង្គភាពសារព័ត៌មាន TV Online ផងដែរ ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពឱ្យសិក្ខា កាមក្លាយជាធនធានមនុស្សដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើគុណភាព និងទេពកោសល្យខ្ពស់ ។

ឯកឧត្ដមរដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹង ជំនាញ និងវិធីសាស្ត្រដ៏សមស្រប សម្រាប់ការផលិតព័ត៌មានប្រកបដោយគុណភាព,ការផលិតមាតិកាផ្សព្វផ្សាយដោយមានទំនួលខុសត្រូវ ,ការធ្វើទីផ្សារសម្រាប់មាតិកាដែលបានផលិត,ការផលិតវីដេអូបទយកការណ៍ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា,ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយក្នុងអង្គភាពរបស់ខ្លួនប្រកបដោយសុវត្ថិភាព ការពារនិងបង្ការគ្រោះថ្នាក់ក្នុងការងារ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យសិក្ខាកាមបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជានិច្ច ទាំងផ្នែកចំណេះដឹង និងជំនាញដើម្បី ឱ្យសាកសមជាធនធានមនុស្សដែលស្ថាប័ន និងសង្គមជាតិត្រូវការ ៕


